ព័ត៌មានជាតិ

Update៖ បុរសម្នាក់ដេកស្លាប់លើរ៉ឺម៉កកង់បី របស់អ្នកភូមិទុកចោលផ្អើលប្រជាពលរដ្ឋ​និងសមត្ថកិច្ច

ភ្នំពេញ: បុរសពោះម៉ាយម្នាក់សង្ស័យមានជំងឺថ្លើមប្រចាំកាយរាំរ៉ៃ (ទៀចទឹក) ហើយចូលចិត្តហូបស្រាផង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើរ៉ឺម៉កកង់បី របស់អ្នកភូមិទុកចោលចិញ្ចើមផ្លូវ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ គ្រីប សុផល ភេទប្រុស អាយុ ៤០ឆ្នាំ ពុំមានមុខរបរ ខណ:ដែលខ្លួនមានជំងឺថ្លើមរាំរ៉ៃ (ទៀចទឹក) ស្នាក់នៅលើរ៉ឺម៉ក របស់គេ ទុកចោលតាមផ្លូវចំណុចកើតហេតុ មានស្រុកកំណើតនៅភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

តាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើមកស្នាក់នៅចំណុចកើតហេតុ ច្រើនខែមកហើយ ដើមឡើយជាកម្មករសំណង់ តែដល់ធ្លាក់សក់ខ្លួនឈឺ មានជំងឺបៀតបៀន (ទៀចទឹក) បានឈប់សម្រាកការងារ តែចូលចិត្តហូបស្រាជាប្រចាំ ហើយដេកសម្រាកនៅលើកន្ទុយរ៉ឺម៉កកង់បី ដែលអ្នកភូមិ ដោះទុកចោល រហូតមកដល់ព្រឹកថ្ងៃទី៩ ខែកក្កដានេះ មិនឃើញបុរសខាងលើ ក្រោកងើបចេញពីរ៉ឺម៉កសោះ ទៅអើតពិនិត្យមើលដាស់មិនងើប ទើបដឹងថាស្លាប់ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើល ។

តាមសាច់ញាតិបុរសរូបនេះ ដែលប្រកបរបរជាកម្មករសំណង់ ស្នាក់នៅក្នុងភូមិនោះដែរ បានឲ្យដឹងថា ជនរងគ្រោះ ជាបុរសពោះម៉ាយ អត់មានកូន តាំងពីធ្លាក់ខ្លួនឈឺ ការងារក៏គ្មានធ្វើចូលចិត្តផឹកស្រា ស្នាក់នៅលើរ៉ឺម៉ករបស់គេទុកចោលតាមផ្លូវ រហូតដល់ដេកស្លាប់តែម្តង ។

ក្រោយពីពិនិត្យកោសល្យវិច័យរួចសមត្ថកិច្ចសន្និដ្ឋានថា សពស្លាប់ដោយជំងឺ គាំងបេះដូង រួចប្រគល់ជូនសាច់ញាតិ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

មតិយោបល់