ព័ត៌មានជាតិ

រថភ្លើងបើកបុកលុចស៊ីសជនជាតិចិន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសជាជនជាតិចិនម្នាក់ស្រវឹង បើករថយន្តលុចស៊ីសRX300 ដឹកស្រីស្នេហ៍ ក៏ត្រូវរថភ្លើងធ្វើដំណើរឆ្លងកាត់មកដល់បុកពេញទំហឹង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរខារ៉ាអូខេយីហោយល់ចិត្ត ស្ថិតតាមបណ្ដោយផ្លូវហាណូយ កែងនិងផ្លូវរថភ្លើង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថភ្លើងមួយគ្រឿងលេខ Bde410 ពណ៌ក្រហមឆ្នូតខៀវ បានបើកសណ្តោងក្បាលម៉ាស៊ីនរថភ្លើងមួយគ្រឿងទៀតលេខ6635 ដែលបានខូច ធ្វើដំណើរពីលិចឆ្ពោះទៅកើត បំណងបើកចូលទៅក្នុងស្ថានីយរថភ្លើងភ្នំពេញ ដើម្បីធ្វើការជួសជុល។

លុះមកដល់ចំណុចកើតហេតុរថភ្លើង ក៏បានបើកឆ្លងកាត់ផ្លូវហាណូយ ដោយពុំមានអ្នកទាញប៉ារ៉ាសបិទផ្លូវ ដើម្បីបញ្ចប់ចរាចរណ៍ត្រឹមត្រូវនោះទេ គឺមានតែបុរសម្នាក់ ដែលឈរកាន់ភ្លើងពិល ធ្វើជាសញ្ញាបញ្ចប់យានយន្ត ដែលធ្វើចរាចរណ៍ប៉ុណ្ណោះ។ ខណ:នោះស្រាប់តែមានរថយន្តម៉ាកលុចស៊ីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2T-4519 បើកបរដោយបុរសជាជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹង និងមាននារីជាជនជាតិខ្មែរចំនួន២នាក់ រួមដំណើរជាមួយ តាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ជាមួយល្បឿនយ៉ាងលឿន។

បន្ទាប់មករថយន្តខាងលើ ក៏បានបើកឆ្លងកាត់ផ្លូវរថភ្លើង រួចក៏ត្រូវបានរថភ្លើងបុកចំទ្វារ ក្រោយខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្តក្រពឹតរងការខូចខាតយ៉ាងដំណំ។ ចំណែកឯរថភ្លើងពុំមានរងការខូចខាតអ្វីនោះទេ ហើយក៏មិនបានបង្កឲ្យមាននរណាម្នាក់រងរបួសផងដែរ។

ក្រោយកើតហេតុភាគីទាំងសងខាង បានជជែកយកខុសយកត្រូវរៀងៗខ្លួន ដោយភាគីខាងរថយន្ត បានអះអាងយកត្រូវថា នោះជាកំហុសរបស់រថភ្លើងខាងលើ ដែលបើកឆ្លងកាត់ផ្លូវមិនបានទាញប៉ារ៉ាសបិទផ្លូវជាមុន ដើម្បីឲ្យដឹងថា មានរថភ្លើងបើកឆ្លងកាត់។

ដោយឡែកភាគីខាងរថភ្លើង បានអះអាងយកត្រូវដែលថា ខណ:ពេលដែលរថភ្លើង បើកឆ្លងកាត់ចំណុចកើតហេតុ គឺបានស៊ីផ្លេរនិងមានអ្នកឈរសម្រួលចរាចរណ៍ត្រឹមត្រូវ ទោះបីជាមិនបានទាញប៉ារ៉ាសបិទផ្លូវក៏ដោយ។ ខណ:នោះក៏មានយានយន្ត ដែលធ្វើចរាចរណ៍លើដងផ្លូវខាងលើ បានឈប់ឲ្យរថភ្លើងបើកឆ្លងកាត់ផងដែរ ប៉ុន្តែដោយរថយន្តលុចស៊ីសខាងលើ បើកលឿនព្យាយាមវ៉ាជែង មិនព្រមឈប់តាមគេឯង។

មួយសន្ទុះមកទៀត គេឃើញសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយដោយភាគីខាងរថយ ន្តមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏សូមយករថយន្តទៅជួសជុលខ្លួនឯង ដោយមិនបានទាមទារសំណងអ្វីពីខាងភាគីរថភ្លើងនោះទេ ប៉ុន្ដែភាគីខាងរថភ្លើងមិនបានយល់ព្រមឡើយ ដោយទាមទារឲ្យសមត្ថកិច្ចជំនាញ យករថយន្តទៅរក្សាបន្ទាប់មកសមត្ថកិច្ច ក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តខាងលើទៅរក្សា នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕

មតិយោបល់