ព័ត៌មានជាតិ

ពលរដ្ឋសំណូមពរ៖ លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ ជួយទប់ស្កាត់កុំឲ្យមានចោរឆក់ លួច ក្នុងមូលដ្ឋានញឹកពេក…

ភ្នំពេញៈ ប្រជាពលរដ្ឋបានប្រាប់ Post News ថា នៅវេលាម៉ោង ០៨ និង៥៥ នាទីយប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅម្តុំផ្សារស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច។

ម៉ូតូបាត់ម៉ាក nex 2019 ស្លាកលេខ PP1 HN4805 ពណ៌ស លាយផ្កាឈូក ។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

សូមបញ្ជាក់៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ ក្នុងខណ្ឌមានជ័យ ហាក់បីដូចជាកើនបទល្មើស ចោរឆក់ចោរលួច ក្មេងស្ទាវដេញវ៉ៃគ្នា ករណីផ្ទុះអាវុធជាដើម ធ្វើឲ្យពលរដ្ឋព្រួយបារម្ភ ពីបញ្ហាសុវត្ថិភាព។

ករណីនេះ ពលរដ្ឋសំណូមពរដល់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ដែលទើបទ្បើងកាន់តំណែងថ្មី ជួយជំរុញមន្ត្រីក្រោមឱវាទរបស់លោកផង ឲ្យមានការល្បាតពួនស្ទាក់ដល់យប់ជ្រៅផង កុំជិះល្បាតតែពេលព្រលប់ យប់មិនទាន់រត់ចូលប៉ុស្តិ៍ដេកអស់ ធ្វើឲ្យពលរដ្ឋរិះគន់ទៅដល់សមត្ថកិច្ច សូមឲ្យលោក​មានការពង្រឹងបន្ថែម ក្នុងមូលដ្ឋានផង ដើម្បីកុំឲ្យមានបទល្មើសកើតទ្បើងទៀត៕

មតិយោបល់