ព័ត៌មានជាតិ

មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី ចុះផ្អាកដំណើរការបណ្តោះអាសន្ន សិប្បកម្មផលិតទឹកពិសា «អូគីថាណា» ចំនួនពីរទីតាំង នៅក្រុងសែនមនោរម្យ

មណ្ឌលគិរី: យោងតាមផេកមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរក្រុងសែនមនោរម្យ ដឹកនាំដោយលោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកពិសារ នៅក្នុងក្រុងសែនមនោរម្យ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ រួចឲ្យម្ចាស់សិប្បកម្មសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងកុំឱ្យមានផលប៉ះពាល់ដល់គុណភាពទឹកពិសា និងសុខភាពអ្នកប្រើប្រាស់ទូទៅ។

លោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានឱ្យដឹងថា ការចុះត្រួតពិនិត្យសិប្បកម្មផលិតទឹកពិសារដប ដោយឃើញថា សិប្បកម្មទាំងនេះ បានដំណើរការផលិត និងចែកចាយផលិតផលរបស់ខ្លួន នៅលើទីផ្សារដោយគ្មានច្បាប់អនុញ្ញាតបង្កើតពីមន្ទីរឧស្សាកម្ម និងសិប្បកម្មទេ។

ម្យ៉ាងទៀត ឧបករណ៍ចម្រោះទឹកដែលប្រើប្រាស់នោះ គឺអាចប្រើប្រាស់បានត្រឹមលក្ខណ: ក្នុងរង្វង់គ្រួសារតែប៉ុណ្ណោះ ទាំងបរិមាណផលិត ទាំងគុណភាពផលិត រួមទាំងលក្ខណ:បច្ចេកទេសក្បួន អនាម័យផលិតកម្ម និងទីតាំងផលិត។ ចំណែក ខ្សែសង្វាក់ផលិតកម្មច្រកដប និងវេចខ្ចប់របស់សិប្បកម្មទាំងពីរនេះ គឺមិនអនុលោមទៅតាមបទដ្ឋានបច្ចេកទេសទឹកពិសាដប ដែលចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ-សិប្បកម្មរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹកពិសា និងសុខភាពអ្នកប្រើប្រាស់នៅលើទីផ្សារ។ ហើយមន្រ្តីជំនាញក៏បានឱ្យម្ចាស់សិប្បកម្មផលិតទឹកពិសាដបស្លាកយីហោ អូគិថាណាចំនួនពីរកន្លែង ស្ថិតនៅក្រុងសែនមនោរម្យ ត្រូវបញ្ឈប់សកម្មផលិត និងធ្វើអាជីវកម្ម រហូតដល់ពេលទទួលបានច្បាប់អនុញ្ញាតពីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម។

លោក សុខ ប៊ុនធឿន បានធ្វើការណែនាំដល់ម្ចាស់សិប្បកម្មទាំងអស់ ត្រូវមកទំនាក់ទំនងសុំច្បាប់ បង្កើតរោងចក្រសិប្បកម្មនៅមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ដើម្បីកែប្រែនូវប្រព័ន្ធផលិតកម្ម និងគុណភាពឱ្យសមស្របតាមស្តង់ដារបច្ចេកទេសទឹកពិសាដប និងនិតីវិធីផ្លូវច្បាប់។ លោកបន្ថែមថា ក្នុងករណីម្ចាស់សិប្បកម្ម មិនអនុវត្តន៍តាមការណែនាំរបស់មន្រ្តីជំនាញ ហើយឃើញនៅតែបន្តការផលិត និងចរាចរណ៍ចែកចាយលក់លើទីផ្សារទៀត មន្ទីរនឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដោយមានស្ថានប័នជំនាញពាក់ព័ន្ធចូលរួមអនុវត្តច្បាប់ និងផាកពិន័យតាមច្បាប់ជាធរមាន៕

មតិយោបល់