ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! រថយន្ត១គ្រឿង បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យវៀចអស់មួយកង់

ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោកជាំ បើករថយន្តកាមរីឆ្លាមមួយគ្រឿង បោះពួយយ៉ាងលឿន បានរេចង្កូតគេចម៉ូតូមួយគ្រឿង ក៏ជ្រុលទៅកៀរនិងបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យវៀចអស់មួយកង់ ចំណែករថយន្តរងការខូចខាត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរផ្សារហេងលី តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿង ម៉ាក កាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2A-2853 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោគជាំ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ចេញមកពីស្តុបណូគាឆ្ពោះទៅស្ពានអាកាស៧ មករា ជាមួយល្បឿនយ៉ាងលឿន។

មកដល់ចំណុចកើតហេតុរថយន្តបង្ក ក៏បានវាក់អើជាមួយនិងម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាក ដែលកំពុងបើកនៅពីមុខ។ ខណៈនោះ រថយន្តបង្កក៏ បានបើកខាងឆ្វេង រួចក៏ជ្រុលទៅកៀរនិងក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យវៀចអស់មួយកង់។ ចំណែកឯរថយន្តបង្ក បានរងការខូចខាតក្រពឹតកាង និងបែកកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច ហើយករណីនេះ គឺ មិនបានបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ហើយក៏បានធ្វើការទាក់ទងរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តបង្ក រួមទាំងអ្នកបើកបរ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់