ប្រធានាធិបតីឥណ្ឌូណេស៉ី ថាការឡើងថ្លៃម្ហូបអាហារ ធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ប្រឈមមុខនឹងហានិភ័យ

(ហ្សាកាតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែន ត្រូវតែបញ្ចប់ដោយសារវាកំពុងជំរុញឲ្យ តម្លៃម្ហូបអាហារ និងថាមពលកើនឡើង ដែលនេះធ្វើឲ្យប្រទេសកំពុងអភិវឌ្ឍន៍ដូចជាឥណ្ឌូណេស៉ី ប្រឈមមុខនឹងហានិភ័យ។

ក្នុងបទសម្ភាន៍ជាមួយទូរទស្សន៍ CNBC លោក វីដូដូ បានថ្លែងថា «អ្វីដែលសំខាន់បំផុតដែលខ្ញុំបារម្ភនោះ គឺបញ្ហាតម្លៃម្ហូបអាហារ។ ដូច្នេះយើងចង់ឲ្យសង្រ្គាម ត្រូវបានបញ្ចប់, ដោះស្រាយតាមរយៈការចរចា ដើម្បីឲ្យយើងអាចផ្តោតលើដំណោះស្រាយបញ្ហាសេដ្ឋកិច្ច»។ លោក វីដូដូ បានបន្ថែមថាប្រសិនបើមិនដូច្នោះ ទេ, វាមានគ្រោះថ្នាក់ណាស់សម្រាប់ប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ហើយលោកក៏បានអំពាវនាវឲ្យបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន និងដោះស្រាយតាមរយៈកិច្ចសន្ទនាផងដែរ។

លោក ចូកូ វីដូដូ នឹងត្រូវចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ហៅកាត់ថា G7 តាមការអញ្ជើញរបស់ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២៨ ខែមិថុនា។ បើតាមសារព័ត៌មានរុស្ស៉ី Tass លោក វីដូដូ រំពឹងថានឹងជួបជាមួយលោក ពូទីន នៅថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ៕

ប្រភព៖​​​​​​ CNBC

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *