ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្ត ៥គ្រឿង និងម៉ូតូ១គ្រឿងបុករះគ្នាក្រឡប់ពេញផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ស្រាល

កណ្ដាល: នៅវេលាម៉ោង ៥និង២០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ៥គ្រឿង និងម៉ូតូ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ភូមិចេតីយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទិសដៅបញ្ច្រាស់គ្នាបណ្ដាលឲ្យ៖
-របួសធ្ងន់ ០២នាក់ (ព្រះសង្ឃ ០១អង្គ)
-របួសស្រាល ០៣នាក់ (ស្រី ០១នាក់)
-ខូចខាតម៉ូតូ ១គ្រឿង
-រថយន្តតូច ២គ្រឿង
-រថយន្តធំ ៣គ្រឿង

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក TOYOTA 4RUNNEr DREAM ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-5299 បើកបរក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញ-បាត់ដំបង) ដោយឈ្មោះ ឈុំ កម្សាន្ត ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ១៦ ផ្លូវ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ(របួសស្រាល) លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបើកឡើងវ៉ាជែងម៉ូតូ ១គ្រឿង នឹងរថយន្តធំ ២គ្រឿង ដែលកំពុងបើកបរនៅខាងមុខ ហើយក៏ជ្រុលចូលទៅក្នុងផ្លូវនៃយានផ្ទុយទិស បុកជាមួយរថយន្តម៉ាក HYUNDAI ពណ៌ស+បៃតង ពាក់ស្លាកលេខ តាកែវ 3A-2529 បើកបរមានទិសដៅពីលិច ទៅកើត (បាត់ដំបង-ភ្នំពេញ) អ្នកបើកបរត់គេចខ្លួន ហើយរថយន្តម៉ាក 4RUNNER នោះក៏រេចង្កូតមកទទឹងផ្លូវរបស់ខ្លួនវិញ បណ្តាលឲ្យរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2446 បើកបរដោយឈ្មោះ ឌី វុត្ថា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ជាន់ហ្វ្រាំងមិនទាន់បុករថយន្តនោះក្រឡាប់លើទ្រូងផ្លូវ រីឯរថយន្តម៉ាក HYUNDAI ពណ៌ស+បៃតង ពាក់ស្លាកលេខ តាកែវ 3A-2529 ក៏រេចង្កូតមកឆ្វេងដៃបុករះ៖

-ទី១: រថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-2823 បើកបរដោយឈ្មោះ ស៊ិន យឿង ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅផ្ទះលេខ៣១ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
-ទី២: ម៉ូតូម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ2015 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1V-9456 បើកបរដោយឈ្មោះ នង វៃ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ពាក់មួកសុវត្ថិភាពរបួសធ្ងន់បាក់ជើងឆ្វេង នឹងអ្នករួមដំណើរព្រះសង្ឃព្រះនាម សៅ ឡូញ ព្រះជន្ម ៧០ព្រះវស្សា គង់នៅវត្តដងទង់ ស្ថិតក្នុងភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល រងរបួសធ្ងន់បាក់ដៃឆ្វេង។
-ទី៣: រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-0150 បើកបរដោយឈ្មោះ ម៉ាន យ៉េប ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិស្វាយក្រោម ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រងរបួសស្រាល នឹងអ្នករួមដំណើរម្នាក់ឈ្មោះ អែល យ៉ុម ភេទស្រី អាយុ ៦១ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា រងរបួសស្រាល។

ក្រោយកើតហេតុអ្នករងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយពាក់ព័ន្ធករណី បានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកពញាឮ ដើម្បីបន្តនីតិវិធី។

តាមសេចក្តីសន្និដ្ឋាន៖ ករណីខាងលើ បណ្តាលមកពីអ្នកបើកបររថយន្តម៉ាក TOYOTA 4RUNNER ពាក់ផ្លាកលេខ ភ្នំពេញ 2F-5299 ឈ្មោះ ឈុំ កម្សាន្ត បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

មតិយោបល់