ព័ត៌មានជាតិ

ហួសពេលហើយ! ទម្រាំដឹងខ្លួនខុសត្រូវមានទោសចូលគុកបាត់

ភ្នំពេញៈ ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅដល់ពន្ធនាគារព្រៃស នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេទាំង ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន កាលពីវេលាម៉ោង៧ និង២០នាទី ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ និងត្រូវបានអាវុធខណ្ឌដង្កោ ប្រដេញចាប់បាន បញ្ជូនទៅកាន់កងរាជអាវុធហត្ថក្រុងភ្នំពេញ កសាងសំណុំរឿង ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ជាបន្ត។

ជនសង្ស័យទី១ឈ្មោះ មឿន សុវណ្ណ ផាកភុង អាយុ ១៨ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
ទី២ឈ្មោះ សាត សុខឌីណា អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង
ខណ្ឌដង្កោ។
នារីរងគ្រោះឈ្មោះ សារិន ស្រីលាភ អាយុ ២០ឆ្នាំ មុខបរបុក្គលិកក្រុមហ៊ុន ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក CLiCK ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1R- 7281 ចេញពីភូមិម័ល សង្កាត់ដង្កោ ទៅភូមិស្រុកចែកសង្កាត់ជើងឯកជិះតាមផ្លូវ២១៧ ពីជើងទៅត្បួង ពេលដែលជិះមកពាក់កណ្ដាលផ្លូវ ស្រាប់តែប្ដីរបស់គាត់បានខលទូរស័ព្ទមក ហើយនាងក៏បានឈប់ម៉ូតូដកទូរស័ព្ទ មកនិយាយតែមិនទាន់បាននិយាយផង ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាក CLiCK ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ1FL-0463 មកពីក្រោយរួចក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទហើយជិះម៉ូតូគេចខ្លួន
តែពេលនោះនាងបានស្រែកថា ចោៗហើយបានជិះម៉ូតូដេញតាម ភ្លាមៗនោះដែរ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ល្បាតក្នុងមូលដ្ឋានឃើញ ក៏ប្រដេញតាមចាប់បានទាំង ២នាក់តែម្តង។

ក្រោយពេលដឹងថា ធ្វើខុស ជនសង្ស័យម្នាក់បានលុតជង្គង់ ទ្រហ៊យំសុំទោសជីដូន ដែលធ្វើជាអាណាព្យាបាលជំនួសឪពុកម្តាយដែលស្លាប់បាត់ ទាំងសោកស្តាយនូវកំហុសរបស់ខ្លួន គួរឲ្យអាណិតអាសូរ តែក៏មិនអាចរួចផុតពីការទទួលទោសចំពោះទង្វើរបស់ខ្លួនបានឡើយ៕

មតិយោបល់