ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ តាមដីកាបញ្ជាឲ្យចូលខ្លួន ពាក់ព័ន្ធករណីលួចគាស់យកទូរដែក ដែលក្នុងមានប្រាក់ជាច្រើនម៉ឺនដុល្លារ

បន្ទាយមានជ័យៈ ដោយអនុវត្តន៍តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ០៧អ.យ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ចេញដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ដោយគាស់ទម្លុះទម្លាយ (គាស់យកទូរដែក) ដែលមានទ្រព្យសម្បត្តិនៅខាងក្នុងរួមមាន៖ ប្រាក់ដុល្លាប្រហែល ២០០.០០០ដុល្លារ (ម្ភៃម៉ឺនដុល្លា) និងប្រាក់បាតចំនួន ៥០០.០០០បាត (ហាសិបម៉ឺនបាត) ដែលប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការយុត្តិធម៌ បានឲ្យដឹងថា ក្រោយពីទទួលបានដីកាបញ្ជាឲ្យចូលខ្លួន ទើបនិងទទួលបានបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទើបលោកបន្ធញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវ រហូតទទួលបានតម្រុយថា ជនដែលត្រូវនាំខ្លួនបានគេចទៅរស់នៅប្រទេសថៃ ទើបកម្លាំងជំនាញបានធ្វើការទំនាក់ទំនង ទៅអាជ្ញាធរសមត្ថកិច្ចនៃប្រទេសថៃ ដើម្បីសុំកិច្ចសហការ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចថៃបានចាប់បញ្ជូនជនដែលត្រូវនាំខ្លួនម្នាក់ ឈ្មោះ តែម វាសនា ហៅ ទិត ភេទ ប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅស្ថិតនៅភូមិថ្មី ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (បច្ចុប្បន្នស្នាក់នៅក្នុងប្រទេសថៃ) យកមកប្រគល់ជូនកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត នៅចំណុចការិយាល័យអាជ្ញាធរមានសមត្ថកិច្ចថៃ នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

ក្រោយពីទទួលបានជនដែលត្រូវនាំខ្លួនឈ្មោះ តែម វាសនា ហៅ ទិត រួចមកកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់