ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុន«អង្គការអភិវឌ្ឍន៍សហគមន៍ អាន ពិសិដ្ឋ» ម្នាក់បន្លំលុយក្រុមហ៊ុន អស់ជិត២០០លានរៀល

កណ្ដាល: កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឆបោក ត្រង់ចំណុចបុរីពិភពថ្មី ផ្លូវទី៦ ផ្ទះលេខ ៥៦ ស្ថិតភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ជា សុថន អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ ផុន ផន ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន អង្គការអភិវឌ្ឍន៍សហគមន៍ អាន ពិសិដ្ឋ មានទីលំនៅភូមិតារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។

ដំណើររឿង៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យបានចូលបម្រើការងារក្នុង ក្រុមហ៊ុន អង្គការអភិវឌ្ឍន៍សហគមន៍ អាន ពិសិដ្ឋ ស្ថិតនៅភូមិ/សង្កាត់ខាងលើ មានមុខងារជាអ្នកដាក់លុយឲ្យអតិថិជន ដោយមានការបាត់លុយក្រុមហ៊ុនច្រើន ក្រោយមកក្រុមហ៊ុន បានត្រួតពិនិត្យ លើបញ្ជីឈ្មោះអតិថិជនដែលជនសង្ស័យ បានធ្វើការជាមួយកន្លងមក ហើយក៏ឃើញខុសប្រក្រតីច្រើន រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ០០នាទី ក្រុមហ៊ុនបានពិនិត្យបន្តទៀតឃើញជនសង្ស័យ បន្លំយកលុយក្រុមហ៊ុនអស់ចំនួន ១៦៧.៩១៨.៩០០រៀល (មួយរយហុកសិបប្រាំពីរលាន កៅសិបមួយម៉ឺនប្រាំបីពាន់ប្រាំបួនរយរៀល) គិតចាប់ពីខែមករា ឆ្នាំ២០១៩មក។ បន្ទាប់មកជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរៀបចំឯកសារបន្លំដាក់ឈ្មោះអតិថិជនផ្សេងៗ ដើម្បីយកលុយពីក្រុមហ៊ុន ពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់