ព័ត៌មានជាតិ

រថយន្ត​ដាច់​ហ្វ្រាំង​ក្រឡាប់​ បណ្ដាលឲ្យមនុស្ស​ចំនួន​២៧​នាក់ ​រង​របួសធ្ងន់​ស្រាល​ នៅ​ចំណុច​ផ្លូវ​ចូល​ប្រាសាទ​មាស​ប្រាសាទ​ប្រាក់​

​កំពង់ស្ពឺៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា​ ​មនុស្ស​ចំនួន​២៧​នាក់ ​រង​របួសធ្ងន់​ស្រាល​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រថយន្ត​ដាច់​ហ្វ្រាំង​ក្រឡាប់​ខ្លួនឯង​ នៅ​ចំណុច​ផ្លូវ​ចូល​ប្រាសាទ​មាស​ប្រាសាទ​ប្រាក់​ ស្ថិត​នៅ​ក្នុងភូមិ​ស្រង់​ ឃុំ​ស្រង់​។​

ឧបទ្ទវហេតុ​ខាងលើ ​កើតឡើង​នៅ​ថ្ងៃអាទិត្យ​ ១៣​កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ពុទ្ធ​ ព​.​ស​២៥៥៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​និង​៣០​នាទី​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ រថយន្ត​បង្ក​ម៉ាក​ ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ តាកែវ​ 3A-3441​ បើកបរ​ដោយ​ឈ្មោះ​ ឯម​ សល​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ នៅ​ភូមិ​អង្គ​រាំង​ ឃុំ​ត្រាញ់​ខាងជើង​ ស្រុក​សំរោង​ ខេត្តតាកែវ​។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្តកំពង់ស្ពឺ​ បាន​បញ្ជាក់​ថា​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នោះ​បណ្តាល​ឲ្យ​របួស​មនុស្ស​២៧​នាក់​ (​ស្រី​២០​នាក់​)​ របួសធ្ងន់​១៤​នាក់​ (​ស្រី​ ១២​នាក់​,​ ស្រាល​ ១៣​នាក់​,​ ស្រី​ ០៨​នាក់​)​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលរ​ដ្ឋា​ន​ សហការ​ជាមួយ​កម្លាំង​ជំនាញ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សម្រាក​ព្យាបាល​ និង​វាសវែង​យក​មធ្យោបាយ​ពាក់ព័ន្ធ​មក​រក្សារ​ទុក​នៅ​អធិការ​ស្រុក​ ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ៕

មតិយោបល់