ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងបក្ខពួក ៤នាក់ ករណីកាប់ប្លន់យកម៉ូតូ នៅស្រុកត្រាំកក់

តាកែវ: កាលពីវេលាម៉ោង១១ និង០០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ)។

ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០០ និង៣០នាទីយប់ នៅចំណុចភូមិត្រពាំងឈូក ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ។ ជនសង្ស័យឈ្មោះ តន វាសនា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា នៅវេលាកើតហេតុខាងលើ ខ្លួន រួមនឹងបក្ខពួក០៣នាក់ទៀត៖ ទី១ឈ្មោះ ធី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅឃុំបឹងត្រាញ់ខាងត្បួង ស្រុកសំរោង ខេត្តតាកែវ (ជាអ្នកបើកម៉ូតូជនរងគ្រោះ រត់គេចខ្លួន) ទី២-ឈ្មោះ នេត ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (កំពុងរត់គេចខ្លួន) និងទី៣ឈ្មោះ ផាន់ណា ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាជនដៃដល់ (កំពុងរត់គេចខ្លួន) បានធ្វើសកម្មភាពជិះម៉ូតូ០២គ្រឿង កាប់ប្លន់យកម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ ពីជនរងគ្រោះឈ្មោះ ឆាយ ដេត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរំលេចស្វាយ ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បណ្ដាលឲ្យជនរងគ្រោះរងរបួសត្រង់ខ្នងចំនួន០២ដាវ ដេរ០៦ថ្នេរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ហើយចំណែកបក្ខពួកជដែលរត់គេចខ្លួន កំពុងបន្តស្រាវជ្រាវ៕

មតិយោបល់