កណ្តាលៈ គណៈកម្មការចម្រុះដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្ត ចុះពិនិត្យស្រាវជ្រាវ ពីករណីអ្នកជំងឺម្នាក់បានស្លាប់ បន្ទាប់ពីធ្វើការវះកាត់បានរយៈពេល៤ថ្ងៃ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២០ ឧសភា ២០១៦ កន្លងទៅ ស្ត្រីជាអ្នកជំងឺម្នាក់បានចូលមកសម្រាកព្យាបាល នៅក្នុងមន្ទីរព្យាបាលសម្ភព សុខា បញ្ញា ដែលស្ថិតនៅក្នុងភូមិតា ខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយពីទទួលការវះកាត់ពោះវៀន រយៈ ពេល៤ថ្ងៃ ក៏បានស្លាប់ រួចក៏ត្រូវបានក្រុមគ្រួសារ ដាក់ពាក្យបណ្តឹង គ្លីនិកខាងលើឲ្យទទួល ខុសត្រូវ។
ដោយសារមានបណ្តឹងពីគ្រួសារជនរងគ្រោះ ទើបកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ មិថុនា ២០១៦ នេះ លោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចម្រុះរួមមានមន្ត្រីមន្ទីរសុខាភិបាល និងនគរបាលចុះពិនិត្យស្រាវជ្រាវ ដើម្បី រកឲ្យឃើញថា ការស្លាប់របស់អ្នកជំងឺខាងលើ ស្លាប់ដោយសារកំហុសដែលកើតពីគ្រូពេទ្យ ឬក៏ស្លាប់ដោយសារអាការៈជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន។
លោកព្រះរាជអាជ្ញារងបានប្រាប់ថា លោកចុះមកនេះ គឺដើម្បីពិនិត្យស្រាវជ្រាវឲ្យដឹងថា តើអ្នកជំងឺស្លាប់ដោយសារជំងឺខ្លួនឯង ឬក៏ដោយសារមកពីបច្ចេកទេស និងពិនិត្យពីអាជ្ញាប័ណ្ណ ហើយក្រោយពិនិត្យ យើងមិនទាន់រកលទ្ធផលឃើញភ្លាមនោះទេ គឺទុកឲ្យខាងមន្ទីរសុខាភិបាល ធ្វើការសិន ទើបអាចដឹងថា បណ្តាលមកពីមូលហេតុអ្វី។
លោកសំម ឬទ្ធីវាសនា ក៏បានបញ្ជាក់ដែរថា ម្ចាស់មន្ទីរព្យាបាលសុខា បញ្ញា នេះឈ្មោះអ៊ុ ធន មានច្បាប់អនុញ្ញាត ដែលចេញដោយក្រសួងសុខាភិបាលលេខ៦២/១៤អ ប ស /ម ព ចុះថ្ងៃទី០២ កញ្ញា ២០១៤ ដែលមានសុពលភាពរយៈពេល៤ឆ្នាំ។ ទន្ទឹមហ្នឹងនោះ លោកព្រះរាជអាជ្ញារង ក៏បានបន្ថែមដែរថា ករណីនេះ បើទោះជាគ្រួសារជនរងគ្រោះ បានដកពាក្យបណ្តឹង ក៏ពិតមែន ក៏យើងនៅតែបន្តនីតិវិធីស៊ើបអង្កេតរកមូលហេតុឲ្យឃើញដែរ។
លោក កែវ គៀតឆូហ្វ គ្រូពេទ្យនៅមន្ទីរព្យាបាលសុខា បញ្ញា បានប្រាប់ថា កាលពីថ្ងៃ ទី២០ ឧសភា មានអ្នកជំងឺម្នាក់ឈ្មោះ ឆែម អាត អាយុ៥៨ឆ្នាំ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកកៀនស្វាយ ត្រូវបានសាច់ញាតិដឹកមក ដោយប្រាប់ថា គាត់មានអាកា រៈចុកពោះ៣ថ្ងៃមកហើយ។ ក្រោយពីធ្វើការពិនិត្យ ទើបដឹងថា មានបញ្ហាពោះវៀនធ្ងន់ធ្ងរត្រូវតែវះកាត់ជាបន្ទាន់ ប៉ុន្តែក្រុមគ្រួសារប្រាប់ថា មិនទាន់មានប្រាក់នោះទេ ក្នុងនាមជាគ្រូ ពេទ្យ បើទោះជាមិនទាន់មានប្រាក់ ក៏យើងធ្វើការព្យាបាលជូនគាត់ជាមុនសិនដែរ ព្រោះបើទុកប្រាដកជាស្លាប់។ យើងបានចំណាយពេលវះកាត់ ជិត២ម៉ោង និងប្រើស៊ីរ៉ូមលាងសំអាតអស់៧ប្លោក ហើយក្រោយមកគាត់ក៏បានដឹងខ្លួនធូរស្រាល អាចនិយាយបាន ហើយយើង នៅតែបន្តការតាមដាន ប៉ុន្តែហាក់គ្មានអ្វីគួរឲ្យកត់សម្គាល់នោះទេ។ លុះរហូតដល់ម៉ោង១២ និង៣០ ថ្ងៃទី២៤ ឧសភា កូនស្រីរបស់គាត់រត់មកប្រាប់ថា ម្តាយលែងដឹងខ្លួន យើងក៏នាំគ្នាទៅពិនិត្យ គឺគាត់ស្លាប់បាត់ទៅហើយ។
លោកក៏បានបញ្ជាក់ដែរថា អ្នកជំងឺស្លាប់ដោយសារពោះវៀនគាត់ធ្លាយ មុនពេលវះកាត់ហើយមេរោគបានឆ្លងចូលទៅក្នុងឈាម ហើយលោកវេជ្ជបណ្ឌិត ក៏បានទទួលស្គាល់ដែរថា ក្រោយអ្នកជំងឺស្លាប់ សាច់ញាតិពិតជាបានដាក់ពាក្យប្តឹងក៏ពិតមែន ប៉ុន្តែក្រោយពី យើងធ្វើការពន្យល់តាមរបៀបបច្ចេកទេស ទើបពួកគាត់យល់ ហើយក៏បានដកពាក្យបណ្តឹងវិញហើយដែរ៕
https://youtu.be/32NMwv0XpRY
https://youtu.be/csiS43WGmxE
https://youtu.be/eFIYDqJhi1c
មតិយោបល់