ព្រះវិហារៈ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចុះបិទទីតាំងលក់ដូរ និងចាក់ថ្នាំខុសច្បាប់ចំនួន ៤ទីតាំង ដោយដកហូតឱសថផុតសុពលភាពបាន ចំនួន៤៦មុខ លោក ជា គីមសេង អភិបាលស្រុកជាំក្សាន្ត បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា ក្រុមការងារលោកបានចុះពិនិត្យ និងបិទបញ្ឈប់ការលក់ដូរ និងចាក់ថ្នាំខុសច្បាប់ ស្ថិតនៅមូលដ្ឋានឃុំកន្តួត និងឃុំស្រលើម បានចំនួន៦ករណី។
ក្នុងនោះបានបិទបញ្ឈប់នៅឃុំស្រលើម ចំនួន ៤ករណី ដែលមានម្ចាស់ទីតាំងឈ្មោះ ស៊ុ ថាវី, ប៊ុល សាវី, គាបូរី, និងប៊ូ សីលា និងនៅឃុំកន្តួតបាន ២ករណី ដែលមានម្ចាស់ទីតាំងឈ្មោះ ស៊ុ ម៉ាប់ និងព្រំ សិទ្ធសុគន្ធ។ ការចុះបិទឱសថក្លែងក្លាយនោះ ក្រុមការងារក៏បានដកហូតឱសថ ហួសសុពលភាពប្រើប្រាស់ ចំនួន ៤៦មុខផងដែរ ដើម្បីយកមករក្សាទុក នៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ហើយកំពុងដំណើការបិទ កន្លែងលក់ថ្នាំព្យាបាល ដោយគ្មានកាអនុញ្ញាត ក្នុងស្រុកជាំក្សាន្តជាង ២០កន្លែងទៀត។
សូមបញ្ជាក់៖ ករណីខាងលើ គឺដើម្បីឆ្លើយតបទៅនឹងជនរងគ្រោះដែលស្លាប់ ដោយសារគ្រូពេទ្យប្រើថ្នាំហួសកាលបរិច្ឆេទ៕
មតិយោបល់