ព័ត៌មានជាតិ

មិនធម្មតាទេលើកនេះ!!! បើបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយ មិនពាក់មួកសុវត្ថិភាព កម្លាំងនគរបាលឃាត់មិនឲ្យធ្វើដំណើរទៅបន្តឡើយ

បន្ទាយមានជ័យៈ ម៉ូតូចម្រុះជាច្រើនគ្រឿង ត្រូវបាននគរបាលជំនាញចរាចរណ៍ណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ចាប់អប់រំអ្នកបើកបរឲ្យគោរពច្បាប់ចរាចរណ៍ណ៍ និងតម្រូវឲ្យពាក់មួកសុវត្ថិភាព ដាក់កញ្ចក់មើលក្រោយឲ្យបានត្រឹមត្រូវ ទើបអនុញ្ញាតិឲ្យធ្វើដំណើរបន្ត។

ប្រតិបត្តិការដើម្បីពង្រឹងច្បាប់ចរាចរណ៍ នេះធ្វើឡើងនៅព្រឹកថ្ងៃទី២០​ ខែកក្កដា ឆ្នាំ២០១៩ លើដងផ្លូវជាតិលេខ៥ មុខវត្តបាលិលេយ្យ ក្នុងភូមិក្បាលស្ពាន០២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ រាល់ម៉ូតូដែលឃាត់ចាប់ទាំងអស់ខ្លះគ្មានកញ្ចក់ ខ្លះអ្នកបើកបរមិនពាក់មួកសុវត្ថិភាព និងភាគច្រើនគ្មានទាំងមួកសុវត្ថិភាព គ្មានទាំងកញ្ចក់ ។ សមត្ថកិច្ចបានតម្រូវឲ្យម្ចាស់ទៅរកមួក និងកញ្ចក់បំពាក់រួចរាល់ទើបឲ្យយកចេញពីចំណុចកើតហេតុបាន។ អ្នកបើកបរម៉ូតូខ្លះជាជនជាតិចិនផងដែរ ហើយការចុះពង្រឹងច្បាប់ចរាចរណ៍នេះសមត្ថកិច្ចជំនាញធ្វើឡើងដោយមិនរើសមុខឡើយ ទោះជាមន្ត្រី ឬសមត្ថកិច្ចក៏ឃាត់ណែនាំឲ្យរកមួកសុវត្ថិភាព និងកញ្ចក់បំពាក់ដូចគ្នា។

លោក ឈឿន ប៊ុនថា អធិការរងទទួលផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បាបប្រាប់អោយដឹងនៅកន្លែងកើតហេតុថា វិធានការនេះធ្វើឡើងដើម្បីពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ពោលដើម្បីកាត់បន្ថយអត្រាការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍តែម្តង។លោកអធិការរងរូបនេះបន្តថា រាល់ម៉ូតូដែលចាប់គឺតម្រូវឲ្យអនុវត្តនៅនឹងកន្លែង អ្នកបើកបរត្រូវទៅរកទិញមួកសុវត្ថិភាព ឬកញ្ចក់មើលក្រោយមកបំពាក់ទើបអនុញ្ញាតឲ្យយកម៉ូតូត្រឡប់។
ទោះជាយ៉ាងណាសមត្ថកិច្ចមិនតម្រូវឲ្យអ្នកបើកបរទាំងនេះបង់ប្រាក់សូម្បីតែ១០០រៀល លោកបន្តថា វិធានការនេះធ្វើឡើងតាមបទបញ្ជាណែនាំរបស់​ លោកឧត្តមសេនីយ៌ទោ អាត់ ខែម ស្នងការនគរបាលខេត្តក៏ដូចជាលោកស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោកផងដែរ។ លោកអធិការរងបញ្ជាក់ថាវិធានការនេះ និងចុះអនុវត្តជាប់រយៈពេល១ខែ ចាប់ពីពេលនេះតទៅ។ ក្នុងឱកាសនេះ លោកក៏បានអំពាវនាវដល់ពលរដ្ឋគ្រប់រូបត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយផង៕

មតិយោបល់