ភ្នំពេញៈ ទំនាស់ពាក្យសម្តីដាក់គ្នា ឈានរហូតដល់ប្រើអំពើហិង្សា រវាងភាគីខាងអ្នកបើកបររថយន្ត និងភាគីខាងម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវ២០១១ កែងផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភាគីខាងរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BB-0023 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។ ចំណែកភាគីខាងម៉ូតូ ១គ្រឿងធុនសេ១២៥ ជិះគ្នា៣នាក់ ប្តីប្រពន្ធ និងកូនមិនស្គាល់អត្តសញ្ញាណដូចគ្នា។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញភាគីខាង រថយន្តលុចស៊ីស RX330 បានធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវកែង បានបត់ឆ្វេងមកផ្លូវ ២០១១វិញ ស្រាប់តែមានបុរសម្នាក់ បើកបរម៉ូតូមួយគ្រឿង រួមដំណើរជាមួយប្រពន្ធ និងកូនអាយុប្រហែល៣ឆ្នាំ ធ្វើដំណើរតាមផ្លូវ២០១១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ផ្លូវ កែងបានឈប់ចាំស្តុប។
តាមប្រភពដដែលបានបន្តថា ពេលនោះភាគីខាងអ្នកបើកបររថយន្ត បត់ឆ្វេងមកឃើញភាគីខាងម៉ូតូឈប់ ធ្វើអោយភាគីខាងរថយន្តពិបាក ក្នុងការបត់ក៏ចុចស៊ីផ្លេ ដើម្បីអោយភាគីខាងម៉ូតូចៀស ហើយពេលនោះ ទាំងរថយន្ត និងម៉ូតូមិនមានប៉ះពារគ្នាទេ ស្រាប់តែកើតទំនាស់ពាក្យសម្តីគ្នា រហូតឈានដល់ភាគី ខាងអ្នកបើកបររថយន្ត ចុះមកវាយភាគីខាង អ្នកបើកបរម៉ូតូមួយដៃ ក្លាយជាទំនាស់ឈ្លោះប្រកែកគ្នា ផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍ដោយនាំភាគីទាំង២ ទៅធ្វើការសាកសួរនៅប៉ុស្តិ៍កាកាប ចុងក្រោយភាគីសងខាងបានសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅប៉ុស្តិ៍៕
មតិយោបល់