ព័ត៌មានជាតិ

ស្ទាក់ចាប់ មុខសញ្ញាលួចម៉ូតូម្នាក់ យ៉ាងសកម្មប្រចាំក្រុងបាត់ដំបង

បាត់ដំបង: ជនសង្ស័យម្នាក់ជាមុខសញ្ញាលួច និងកាច់សោម៉ូតូយ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ច ស្ទាក់ចាប់ បានមកវិញ ខណ:ដែលជនសង្ស័យបានព្យាយាមជិះម៉ូតូដែលខ្លួនកាច់សោ បានឆ្ពោះទៅព្រំដែនថៃ ដើម្បីធ្វើការលក់ដូរនៅទីនោះ។

ប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាចោរកម្មនេះបានប្រព្រឹត្តឡើង កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលយាយទេព ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណ:ជននេះព្យាយាមជិះគេចទៅតំបន់ព្រំដែន។

ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ អ៊ុក សុភក្ត្រា ហៅ ល័ក្ខ អាយុ២៦ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយកិច្ចប្រតិបត្តិការនេះដែរ គឺកម្លាំងបង្ការបង្ក្រាប និងកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបន្ទាប់ពីជននេះធ្វើសកម្មភាពកាច់សោកលួចម៉ូតូគេកាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅជិតផ្សារបឹងឈូក ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលម្ចាស់ម៉ូតូមានឈ្មោះ កែវ ស៊ីណា ភេទប្រុស អាយុ២០ឆ្នាំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អ៊ុក សុភក្ត្រា ហៅ ល័ក្ខ បានសារភាពថា ខ្លួនទើបធ្វើសកម្មភាពកាច់សោ.ក លួចយកម៉ូតូគេបានចំនួន២លើក ប៉ុណ្ណោះ។ ជននេះ បានប្រាប់ថា លើកទី១ ធ្វើសកម្មភាពកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចផ្សារបូរីថ្មី ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ លួចបានម៉ូតូម៉ាក ឃ្លិក ពណ៌ក្រហម ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ បាត់ដំបង 1J-2077 និងលើកទី២ មុនពេលដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន គឺធ្វើសកម្មភាពកាលពីល្ងាចថ្ងៃទី១៦កក្កដា នៅចំណុចផ្សារបឹងឈូក ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ លួចម៉ូតូម៉ាក ឃ្លិក ពណ៌ស ស៊េរីឆ្នាំ២០១៥ គ្មានស្លាកលេខ។

បើតាមសាក្សីដែលធ្លាប់ស្គាល់ប្រវត្តិជនសង្ស័យរូបនេះ បាននិយាយថា ជនសង្ស័យរូបនេះ ជាមនុស្សលួចមិនរើសមុខទេ សូម្បីតែម៉ូតូ ឬទូរស័ព្ទរបស់មិត្តភក្ដិ ក៏ជននេះហ៊ានលួចដែរ ដោយគេធ្លាប់ស៊ីដាច់ម៉ូតូមិត្តភក្ដិជាច្រើនលើកហើយ តែពេលខ្លះរកឃើញវិញ ឯពេលខ្លះទៀតស៊ីដាច់បាត់ស្ងាត់ឈឹងរហូតតែម្ដង ។ ដូច្នេះជនសង្ស័យរូបនេះជំនាញខ្លាំងណាស់ ធ្លាប់ធ្វើសកម្មភាពលួចយកម៉ូតូគេនៅតាមដងផ្លូវ ឬនៅតាមសួនច្បារសាធារណ:ស្ទើររាប់ភ្លេចទៅហើយ មិនមែនទើបលួចពីរលើកនេះទេ។

ជនសង្ស័យរូបនេះ ជាមុខសញ្ញាប្រព្រឹត្តអំពើចោរកម្មដែលកម្លាំងជំនាញ បានតាមដាន ជាយូរមកហើយ រហូតឈានដល់ការឃាត់ខ្លួនតែម្ដង។ ជាមួយនឹងការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម៉ូតូម៉ាកឃ្លិក២គ្រឿង ដែលជននេះលួចបាន។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនេះទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់