ស្ទឹងត្រែង: ជំនាញរដ្ឋបាលព្រៃឈើខេត្តធ្វើការឃាត់រថយន្តយីឌុប(៥ភ្លៅ) មួយគ្រឿង ដឹកឈើគ្រឿងផ្ទះចាស់ៗ ដោយសង្ស័យថា មានបង្កប់ឈើប្រណិតខុសច្បាប់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំនុចព្រៃចាស់ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ជំនាញម្នាក់បានប្រាប់ឲ្យដឹងថា ការឃាត់រថយន្តខាងលើ បន្ទាប់ពីមានគេរាយការណ៍មកថា រថយន្តនេះ បានដឹកឈើប្រភេទគ្រឿងផ្ទះចាស់ៗ ព្រមទាំងលួចបង្កប់ឈើប្រណិត ចេញពីចំនុចវាយថ្ម ស្ថិតក្នុងទឹកដីឃុំស្រែសំបូរ ស្រុកសៀមប៉ាង ឆ្លងកាត់ទីរួមខេត្ត ឆ្ពោះទៅកាន់ខេត្តក្រចេះ មកដល់ចំណុចខាងលើ ក៏ត្រូវបានជំនាញធ្វើការឃាត់ ដើម្បីត្រួតពិនិត្យតែម្តងទៅ។
ក្រោយប្រតិបត្តិការខាងលើនេះ ជំនាញបានបញ្ជាក់ប្រាប់ភ្នាក់ងារ Post News ថា ប្រសិនបើយើងរើទម្លាក់ឈើចេញពីរថយន្តហើយ ឃើញមានបង្កប់នូវឈើប្រណិត ឬក៏ឈើប្រភេទលេខមួយថ្មីៗ យើងនឹងធ្វើការឃាត់រក្សាទុក។ ប៉ុន្តែ មិនមានទេ ខាងជំនាញយើងនឹងដោះលែងឲ្យចេញទៅវិញដោយសុវត្តិភាព។
សូមបញ្ជាក់ថា បច្ចុប្បន្ន រថយន្តយីឌុបដឹកឈើខាងលើ ត្រូវបានជំនាញអូសយកមកទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ដើម្បីធ្វើការត្រួតពិនិត្យ៕
មតិយោបល់