ភ្នំពេញៈ នៅម៉ោង១០ព្រឹកថ្ងៃទី២០ ខែកក្កដានេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានទទួលជួប លោក អ៊ូ មីយ៉ីនស៊ឺ( U Myint Soe )ឯកអគ្គរដ្ឋទូតប្រទេសមីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជាទើបតែងតាំងថ្មី នៅទីស្តីការក្រសួងការបរទេស។
បន្ទាប់ពីចប់ជំនួបសវនាការលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ក្រុមអ្នកាសែតថា នៅក្នុងជំនួបនោះលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងថ្មីប្រចាំនៅកម្ពុជា ហើយអះអាងថា និងសហការឲ្យបេសកកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានរំឭកឡើងវិញ អំពីទំនាក់ទំនងរវាងកម្ពុជា និងមីយ៉ាន់ម៉ា ដោយផ្អែកលើវប្បធម៌ប្រពៃណីប្រវត្តិសាស្ត្រក៏ដូចជាទំនាក់ទំនងនៃប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះដែរ លោកឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា បានលើកឡើងពីគោលជំហររដ្ឋាភិបាល ដែលមានបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឲ្យកាន់តែប្រសើរថែមទៀត។ ជាមួយគ្នានោះមីយ៉ាន់ម៉ា ក៏មានបំណងពង្រីកវិស័យសេដ្ឋកិច្ចជាមួយកម្ពុជាផងដែរ។
នៅក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។ ក្នុងនោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០១៤និងឆ្នាំ២០១៥ និងដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីមីយ៉ាន់ម៉ា មកកម្ពុជា។ ជាមួយគ្នានោះលោកទេសរដ្ឋមន្រ្តីបានលើកឡើងពីបទពិសោធន៍របស់កម្ពុជា គឺបទពិសោធន៍តាមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការសម្រេចឲ្យបាននូវការបង្រួបបង្រួមជាតិ និងការរក្សាសន្តិភាព និងស្ថេរភាពនៅកម្ពុជា ហើយក៏ជាបទពិសោធន៍មួយសម្រាប់ការបង្រួបបង្រួមជាតិនៅមីយ៉ាន់ម៉ា ហើយលោកទេសរដ្ឋមន្ត្រីបានសរសើរ អំពីកំណែទម្រង់ និងការសម្រេចបាននូវសេដ្ឋកិច្ច៨,៥ភាគរយដែលជាចំណុចមួយខ្ពស់បំផុតនៅក្នុងរង្វង់ប្រទេសអាស៊ាន។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសក៏បានលើកឡើងពីការរីកចម្រើនសេដ្ឋកិច្ចនៅកម្ពុជា ដោយបញ្ជាក់ថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនេះ និងធ្វើឲ្យប្រទេសទាំងពីរអាចពង្រីកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅពេលអនាគត។
ជាការឆ្លើយតបលោក អ៊ូ មីយ៉ីនស៊ឺ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាបានចាត់ទុកកម្ពុជាជាមិត្តភក្តិដ៏ល្អបំផុត ហើយរដ្ឋាភិបាល មីយ៉ាន់ម៉ា មានបំណងរក្សាកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិជាមួយកម្ពុជា ទាំង ក្របខណ្ឌតំបន់ និងទ្វេភាគីផងដែរ ហើយលោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ពីបំណងនៃការបំពេញទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ានាពេលអនាគតផងដែរ៕
មតិយោបល់