សៀមរាបៈ យោងតាមការបញ្ជាក់របស់លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម Telegram នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះថា លោក ជុំ សង្វា ចៅក្រមស៊ើបសួរបាន សម្រេចឃុំខ្លួនបុរសជនជាតិកូរ៉េ ជាគ្រូគង្វាលសាសនាយេស៊ូគ្រិស្ត ពាក់ព័ន្ធនឹងរឿងទិញពេស្យាចារកុមារ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦កន្លងទៅ។
លោកបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ ឈ្មោះ Park Youl ភេទប្រុស អាយុ៦២ឆ្នាំ ត្រូវលោក រៀម ចន្ទម្នី តំណាងអយ្យការចោទប្រកាន់ពីបទទិញពេស្យាចារកុមារ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចព្រះវិហារយេស៊ូគ្រិស្ត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប យោងតាមមាត្រា ៣៤ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ យោងតាមមាត្រា ៣៤ នេះជនជាប់ចោទប្រឈមមុខនឹងការជាប់ពន្ធនាគារ ៧ ទៅ១៥ឆ្នាំ។
គួររំលឹកថា ជនជាប់ចោទត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋានខេត្តសៀមរាបបានធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចព្រះវិហារយេស៊ូគ្រិស្ត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះ ដោយចោទថា ជនជាប់ចោទបានល្បួងលួងលោមក្មេងស្រីរងគ្រោះចំនួន ៨នាក់ អាយុពី១៣ ទៅ២១ឆ្នាំ យកទៅរួមភេទនៅក្នុងវិហារ៕
មតិយោបល់