Post News Media ព័ត៌មានជាតិ ម៉ូតូZoomer-x...

ម៉ូតូZoomer-xជិះលឿនដួលអូសច្រើនម៉ែត្របែកផ្កាភ្លើងឆេះខ្ទេច

ភ្នំពេញ: ម៉ូតូម៉ាកហុងដាZoomer-x ១គ្រឿង ត្រូវបានភ្លើងឆាបឆេះខ្ទេចស្ទើតែទាំងស្រុងក្លាយទៅជាដែកអេតចាយខណ:ពេលកំពុងបើកបរក្នុងល្បឿនលឿន ទៅដល់ត្រង់ចំណុចផ្លូវកោង អ្នកបើកបរចាប់ហ្រ្វាំងមុខបង្ខំ។បណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្រ បែកផ្កាភ្លើងទើបមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្ដង ហើយភ្លាមៗនោះប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ផងនិងជះទឹកផងទើបរលត់ទៅវិញ ចំណែកបុរសអ្នកបើកបរមិនមានគ្រោះថ្នាក់ឡើយ។

គ្រោះថ្នាក់មួយនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ម៉ូតូម៉ាកហុងដាZoomer-x ខាងលើពណ៍ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1FQ-6785 បើកបរដោយឈ្មោះអ៊ន វុន ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិព្រៃសង្គម ឃុំជ្រេស ស្រុកមេសាង ខេត្តព្រៃវែង ស្នាក់នៅផ្ទះជួលភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានខ្ចីម៉ូតូខាងលើអ្នកជិតខាងជិះទៅលេងម្ដាយមីងនៅជិតផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ លុះក្រោយពីនៅលេងផ្ទះមីងអស់ចិត្ត ក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោង ហើយមានយានយន្តនៅខាងមុខច្រើនផងខ្លួនបានបន្ថយល្បឿនដោយការចាប់ហ្រ្វាំងមុខទើបផ្លាតចង្កូតដួលអូសជាច្រើនម៉ែត្របែកផ្កាភ្លើងបណ្ដាលឲ្យឆាបឆេះតែម្ដង តែសំណាងល្អខ្លួនមិនបានគ្រោះថ្នាក់អ្វីឡើយ៕