ព័ត៌មានជាតិ

ផ្អើលយប់មិញ ចោរធ្វើសកម្មភាពឆក់កាបូបពីស្រ្តីលក់ផ្លែឈើម្នាក់ បានសម្រេច ធ្វើឲ្យលោកមេប៉ុស្តិ៍ស្ទឹងមានជ័យ ២ ឈឺក្បាលទៀតហើយ

ភ្នំពេញៈ កាលវេលាម៉ោង៤និង២០នាទី ទៀបភ្លឺឆ្លងចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ មានករណីស្ត្រីម្នាក់ ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូធំ១គ្រឿង ធ្វើសកម្មភាពឆក់ការបូបបានសម្រេច រួចជិះគេចខ្លួនបាត់ តាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចការ៉ាស់ភីស៊ីធី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ជនរងគ្រោះឈ្មោះ រៀង សុធី ភេទស្រី អាយុ៤១ឆ្នាំ មុខរបលក់ផ្លែឈើ ស្នាក់នៅផ្ទះជួលត្រពាំងសិលា ខណ្ឌដង្កោ មានស្រុកកំណើត ខេត្តត្បូងឃ្មុំ។

ដំណើររឿង៖ មុនពេលកើតហេតុស្ត្រីរងគ្រោះ បានបើកម៉ូតូរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ1P-0834 ចេញពីផ្ទះជួល បំណងទៅយកផ្លែឈើនៅផ្សារដើមគរ មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យខាងលើ ជិះម៉ូតូធំមួយគ្រឿងមិនចាំស្លាកលេខ មកពីក្រោយ ហើយធ្វើសកម្មភាពឆក់ការបូបស្ពាយគាត់បានសម្រេច រួចព្យាយាមជិះរត់គេចសំដៅទៅផ្សារដើមគរ ដោយពេលនោះ ទោះបីជារូបគាត់ខំស្រែកចោរៗ និងបើកម៉ូតូរឺម៉កដេញពីក្រោយយ៉ាងណា ក៏គ្មាននណាម្នាក់ ជួយគាត់សោះសូមម្បីតែសមត្ថកិច្ចម្នាក់ក៏គ្មានដែរ។

សម្ភារៈបាត់បង់៖ កាបូប រួមមានលុយខ្មែរ និងដុល្លារជាងមួយពាន់ដុល្លារ ទូរសព្ទ័ដៃមួយគ្រឿង កាតគ្រីម៉ូតូមួយ និងអត្តសញ្ញាណបណ័្ណមួយសន្លឹក។

ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៏ស្ទឹងមានជ័យទី២ ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ដើម្បីចាប់ជនសង្ស័យ មកផ្ដន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់៖ នៅសង្កាត់ស្ទឹងមានជ័យទី២ មួយរយៈចុងក្រោយនេះ សង្កេតឃើញថា បទល្មើសមិនថមថយ នៅតែបន្តកើតមានជាហូរហែល សម្បូរដោយចោរលួចចោរឆក់ ក្រុមក្មេងស្ទាវ បង្កជម្លោះវ៉ៃគ្នា ក្នុងហាងផឹកស៊ីជាដើម ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ ហាក់បីដូចជាលោកមេប៉ុស្តិ៍ស្ទឹងមានជ័យ២ មិនសូវចុះល្បាតក្នុងមូលដ្ឋាន បណ្ដោយឲ្យកើតមានបទល្មើសខាងលើ។

ករណីនេះ ប្រជាពលរដ្ឋសូមសំណូមពរតាមរយៈសារព័ត៌មាន Post News ទៅកាន់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ គួរតែមានវិធានការជួយជំរុញទៅមន្ត្រីក្រោមឱវាទរបស់លោក ជាពិសេសលោកមេប៉ុស្តិ៍ស្ទឹងមានជ័យ ២ ដើម្បីឲ្យមានការចុះល្បាតទាំងយប់ទាំងថ្ងៃ ក្នុងដែនសមត្ថកិច្ចរបស់លោកផង កុំឲ្យពលរដ្ឋរិះគន់រឿងដដែលៗពេក សង្ស័យតែលោកមេប៉ុស្តិ៍រវល់ពេក មិនបានមើលកូនចៅចេញល្បាត ណាមួយមិនសូវដែលឃើញលោកមេប៉ុស្តិ៍ចេញល្បាតទេ ភាគច្រើនឃើញតែកូនចៅប៉ុណ្ណោះ៕

មតិយោបល់