កំពង់ធំៈ នៅវេលាម៉ោង០៦ និង២០នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ៩៤-៩៥ ភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូចំនួន០២គ្រឿង ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់ម្នាក់ (ប្រុស) របួសធ្ងន់ម្នាក់ (ប្រុស) របួសស្រាល០២នាក់ (ស្រី០១នាក់)
រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខកំពង់ធំ 3A-2268(ដឹកសត្វមាន់) ធ្វើដំណើរពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ ម៉ូតូម៉ាកហុងដាឌ្រិម C125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BG-8569 ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ អ៊ុក នុល ភេទប្រុស អាយុ៣៣ឆ្នាំ (មុខរបរកសិករ) រស់នៅភូមិកុមារ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម របួសស្រាល (ពាក់មួកសុវត្ថិភាព)។ ឌុបប្រពន្ធឈ្មោះ សេង.ឃាង អាយុ២៩ឆ្នាំ មុខរបរកសិករ របួសស្រាល (ពាក់មួកសុវត្ថិភាព)។ ម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រិម C125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1GA.1972 (បើកបរទិសដៅពីត្បូងទៅជើង) ដោយឈ្មោះ ជន ចំរើន ភេទប្រុស អាយុ២៤ឆ្នាំ (មុខរបរកម្មករសំណង់) រស់នៅភូមិកុមារ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម របួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរឈ្មោះ ជា.ហាន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)។
វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ មូលហេតុបឋមបង្ក ដោយអ្នកបើកបររថយន្ត បើកបរក្នុងស្ថានភាពងងុយ បានរេចង្កូតទៅបុកម៉ូតូ ដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយទិស៕
មតិយោបល់