ភ្នំពេញៈ កាលពីវេលាម៉ោង ១០កន្លះព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ7C ជាប់នឹងផ្សារសឡា ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីស្ត្រីម្នាក់ បានស្លាប់បាត់បង់ជីវិត ពេលមកសម្រាលកូន នៅក្នុងមន្ទីរសម្រាកព្យាបាល និងសម្ភពអ៊ីលីត។
ជនរងគ្រោះឈ្មោះ លី រដ្ឋា អាយុ៣៤ឆ្នាំ មុខរបរកម្មការនីរោចក្រ ស្នាក់នៅផ្ទះជួលក្បែរមន្ទីរពេទ្យកើតហេតុ មានស្រុកកំណើតនៅខេត្តព្រៃវែង មានប្តី និងកូនប្រុសម្នាក់ រស់នៅជាមួយគ្នា។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីខាងលើ បានចូលទៅសម្រាកនៅមន្ទីរពេទ្យខាងលើ អស់រយៈពេល២-៣ថ្ងៃមកហើយៗបានសម្រាលកូន កាលពីថ្ងៃទី២៨ ខែឧសភាព ឆ្នាំ២០២០ ដោយពុំមានប៉ះពាល់ដល់អាយុជីវិតម្តាយ និងកូនស្រីនោះទេ។
លុះព្រឹកទ្បើងឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ស្ត្រីខាងលើ បានចុះពីលើគ្រែ ដើម្បីចូលបន្ទប់ទឹកបត់ជើង ស្រាប់តែដួលស្លាប់មុខបន្ទប់ទឹកតែម្តងទៅ។
ក្រោយកើតហេតុ សាកសពស្រ្តីរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកតាមរថយន្តសាមុយ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។
សូមបញ្ជាក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News បានចុះដល់ទីតាំងកើតហេតុ ប៉ុន្តែមិនអាចស្វែងរកប្រភពពីមន្ត្រីជំនាញ និងពីម្ចាស់គ្លីនិចបានទេថាតើ ជនរងគ្រោះ បានស្លាប់ដោយមូលហេតុអ្វីឲ្យពិតប្រាកដ។ សង្កេតឃើញថា រឿងនេះ ហាក់បីដូចជាអាថ៌កំបាំង សូម្បីតែសាកសព ក៏ប្រញាប់ប្រញាលដឹកចេញយ៉ាងរហ័ស មិនឃើញមានមន្ត្រីកោសល្យវិច័យ មានតែលោកមេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី១ប៉ុណ្ណោះ ខណៈសាច់ញាតិជនរងគ្រោះ ក៏មិនបានផ្ដល់ព័ត៌មានលម្អិតដល់អ្នកកាសែតដែរ បានដើរចូលរថយន្តយ៉ាងលឿន មិននិយាយអ្វីទាំងអស់៕
មតិយោបល់