ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តស៊េរីទំនើប បុកម៉ូតូកង់បី បណ្ដាលឲ្យរបួសបុរសម្នាក់

ភ្នំពេញ: នៅវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបទូតចិនផ្លូវ១៧៣ កែងនិងផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងម៉ូតូកង់បី បណ្ដាលឲ្យមានអ្នករងរបួស។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូកង់បីខ្មែរ ធ្វើដំណើរពីជើងទៅត្បូង តាមផ្លូវម៉ៅសេងទុង មកដល់ចំណុចកើតហេតុ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានបុរសជាជនជាតិចិនម្នាក់ បានបើករថយន្តស៊េរីទំនើប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បោះពួយយ៉ាងលឿម តាមផ្លូវ១៧៣ក្នុងទិសដៅពីកើតទៅលិច មិនប្រយ័ត្នជ្រុលទៅបុកនិងម៉ូតូកង់បីខ្មែរ បណ្តាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀង ព្រមទាំងធ្វើឲ្យអ្នកបើកម៉ូតូរងរបួសបែកក្បាលហូរឈាម។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានគេដឹកតាមម៉ូតូកង់បី យកទៅព្យាបាលនៅមន្ទីពេទ្យ ចំណែករថយន្តបង្ក រងការខូចខាតក្រពឹតថ្ពាល់មុខចំហៀងស្តាំ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ វាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនប៉ុស្តិ៍ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់