ព័ត៌មានជាតិ

បុរសម្នាក់ខូចចិត្តនឹងប្រពន្ធលែង ផឹកស្រាស្រវឹងចុះរាវលៀស បណ្ដាលឲ្យលង់ទឹកស្លាប់

កណ្តាល: បុរសម្នាក់សង្ស័យស្រវឹងស្រា ហើយចុះទៅរាវលៀសលង់ទឹកស្លាប់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១១និង១០នាទី នៅចំណុចទន្លេបាសាក់ ស្ថិតក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សុខ ចាន់ណារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ការ៉េម មានទីលំនៅភូមិឃុំកើតហេតុ។

ដំណើររឿង៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៥និង២០នាទី ជនរងគ្រោះបានចុះទៅរាវលៀសក្នុងទន្លេបាសាក់ខាងត្បូង កំពង់ចម្លងព្រែកម៉ៅ ស្ថិតនៅក្នុងភូមិស្វាយជួរឃុំកោះខែល ស្រុកស្អាង ហើយក៏បាត់ខ្លួនរហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹក ហើយបានរាយការណ៍មកសមត្ថកិច្ចចុះទៅមើលឃើញប្រាកដមែន។

ក្រោយពីសមត្ថកិច្ចជំនាញ និងមន្ត្រីប៉ុស្តិ៍ពិនិត្យសពរួចឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺពិតជាស្លាប់ដោយសារលង់ទឹកពិតមែន
ម្តាយជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះគឺតែងតែផឹកស្រាស្រវឹងជាប្រចាំ ដោយមូលហេតុខូចចិត្តត្រូវប្រពន្ធលែងលះ ហើយមុនពេលកើតហេតុគឺកូនរបស់គាត់បានផឹកស្រាស្រវឹង រួចក៏បានចុះទៅទន្លេរាវលៀសហើយបាត់រហូត បន្ទាប់ពីត្រួតពិនិត្យរួច សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់