ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ឯកឧត្តម អ៊ុច បូររិទ្ធ បានបង្ហាញការជឿជាក់ថា សហភាពអឺរ៉ុប មិនកាត់ជំនួយ និងបិទទីផ្សារសម្លៀកបំពាក់របស់កម្ពុជា តាមសំណើរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិនោះឡើយ។ លោកបានហៅសំណើរបស់លោក សម រង្ស៊ី ទៅកាន់សហភាពអឺរ៉ុបថា ជាអំពើឆោតល្ងង់ ដែលមិនគួរធ្វើជាអ្នកនយោបាយខ្មែរ។
លោក អ៊ុច បូររិទ្ធ បានថ្លែងដូច្នេះបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ លោក Tom Malinowski ឧបការីរដ្ឋមន្រ្តីក្រសួងការ បរទេសអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការងារ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ។
មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះ បានលើកឡើងថា លោក សម រង្ស៊ី មិនគួរពាក់ស្លាកជាអ្នកនយោបាយកម្ពុជានោះឡើយ ព្រោះអ្វី ដែលលោកលើកឡើង ជាអំពើមួយប៉ះពាល់ផលប្រយោជន៍ជាតិ និង ប្រជាជន។ លោកបន្តថា បើសហគមន៍អឺរ៉ុបឈប់ទទួលផលិតផលរបស់កម្ពុជា នោះពលរដ្ឋខ្មែររាប់សិបម៉ឺនអ្នកអត់ការងារធ្វើ។
លោកបានឲ្យដឹងដែរថា អ្វីដែលលោក សម រង្ស៊ី ធ្វើនាពេលនេះ មិនមែនជារឿងថ្មីនោះឡើយ គឺលោកធ្លាប់បានធ្វើតាំងពីទសវត្សរ៍ឆ្នាំ៩០មកម្ល៉េះ តែមិនដែលទទួលបានជោគជ័យនោះឡើយ។ បើតាមលោក អ៊ុច បូររិទ្ធ សហភាពអឺរ៉ុប មិនមែនស្តាប់តែលើរបាយការណ៍លោក សម រង្ស៊ី ដោយមិនវាយតម្លៃលើស្ថានការណ៍ពិតរបស់ប្រទេសកម្ពុជានោះឡើយ។
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជារូបនេះ បញ្ជាក់ទៀតថា បើតាមពិសោធន៍ ដែលលោកធ្លាប់បានធ្វើការងារជាមួយសហភាពអឺរ៉ុប គឺគេធ្វើការថ្លឹងថ្លែងច្បាស់លាស់មិននឹងសម្រេចអ្វីមួយ ហើយបញ្ហាសិទ្ធិមនុស្សមិនមែនមានតែនៅកម្ពុជានោះឡើយ នៅប្រទេសណា ក៏មាន ហើយប្រទេសខ្លះអន់ ជាងប្រទេសកម្ពុជាថែមទៀតផង។
សូមជំរាបផងដែរថា នៅក្នុងបទអន្តរាគមន៍ជាភាសាបារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលជាថ្ងៃសភាអឺរ៉ុបនិយាយពីបញ្ហាជំនួយមកកាន់កម្ពុជានោះ លោក សម រង្ស៊ី បានបង្ហាញបំណងចង់ឲ្យសភាអឺរ៉ុប យកបញ្ហាទីផ្សារសម្លៀកបំពាក់របស់កម្ពុជា ធ្វើជាគំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយនៅកម្ពុជា។
លោក សម រង្ស៊ី បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ មិនចេះតែបើកទេ គឺត្រូវមានភ្ជាប់នូវលក្ខខណ្ឌផ្សេងៗ។ លោកបន្តថា បើសភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើមពិចារណាឡើងវិញ។
ប្រមុខបក្សប្រឆាំងរូបនេះបានលើកឡើងទៀតថា បើសហភាពអឺរ៉ុបលូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់ គឺមិនមែនកម្មករ ឬប្រជាជនតូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេ ដែលប៉ះពាល់។ លោកបន្តថា ឈ្មួញធំៗទាំងអស់នោះហើយ ដែលសូកលុយមួយចំណែកធំទៅឲ្យគណបក្សកាន់អំណាច។ ការអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យបិទទីផ្សារសម្លៀកបំពាក់កម្ពុជានេះ នាំឲ្យសហជីពធំនៅកម្ពុជា សម្តែងការខកចិត្ត និង សោកស្តាយផងដែរ៕
មតិយោបល់