ព័ត៌មានជាតិ

ជនជាតិបារាំងម្នាក់ត្រូវរថយន្តបើកបុករបួសធ្ងន់ នៅខេត្តកំពត

កំពត: នៅវេលាម៉ោង ១២និង២៤នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត និងម៉ូតូ លើផ្លូវជាតិលេខ៣ ត្រង់ចំណុចលើស្ពានព្រែកកំពង់បាយ (ស្ពានថ្មី) ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។

សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តបង្កមួយគ្រឿង មិនស្គាល់ម៉ាក និងសាវតាអ្នកបើកបរ ដោយបុករួចបើករថយន្តគេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់ រថយន្តបើកក្នុងទិសដៅពីកើតទៅលិច លុះទៅដល់ត្រង់ចំណុចខាងលើ បានវ៉ារថយន្តមួយគ្រឿង រួចរេចង្កូតទៅខាងឆ្វេងដៃ បុកនឹងម៉ូតូធំមួយគ្រឿង ពណ៌ខ្មៅ គ្មានស្លាកលេខ បើកដោយឈ្មោះ TIMOTHEE ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ បារាំង ស្នាក់នៅផ្ទះជួលភូមិកំពង់ក្រុង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត បើកក្នុងទិសដៅពីលិចទៅកើត រីឯសម្ភារ:ខូចខាតមាន ម៉ូតូខូចកម្រិតធ្ងន់ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ចំណែកអ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់