ព័ត៌មានជាតិ

រថយន្តយីឌុបបើកបុកម៉ូតូហ្សូមើពីក្រោយបណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ធ្ងរ

ភ្នំពេញ: កាលពីវេលាម៉ោង ១និង១៥នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខដីឡូត៍គ្មានលេខមួយកន្លែង នៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្ដាលមនុស្សរងរបួសធ្ងន់។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទយីឌុប ព​ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9567 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបើកទ្វាររត់គេចខ្លួនបាត់ស្រម៉ោល។
ម៉ូតូរងគ្រោះម៉ាក ហ្សូមើ ពណ៌ទឹកប្រាក់លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DO-0120 មិនត្រូវបានស្គាល់អត្តសញ្ញាណrងរបួសធ្ងន់ទាំងពីរនាក់។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូហ្សូមើមួយគ្រឿង ពីរនាក់តាមបណ្ដោយផ្លូវ២១៧ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ យោងតាមប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបរងងុយដេកងោកមួយភាំង ក៏ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះជាប់ពីក្រោមកង់រថយន្តអូសជិត១០ ម៉ែត្រ ធ្លាក់ចិញ្ចើមផ្លូវនិងម្នាក់ទៀតខ្ទាតលើផ្លូវរបួសធ្ងន់ធ្ងរទាំង២នាក់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យឯកជនទាំងពីរនាក់៕

មតិយោបល់