ភ្នំពេញៈ វេលាម៉ោងជិត៩យប់ថ្ងៃអាទិត្យទី២៨ ខែកក្កដា ២០១៩ នារីរូបស្រស់វ័យក្មេងម្នាក់ បើករថយន្ត Mazda ក្នុងល្បឿនលឿន ជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុកម៉ូតូ ហុងដាឌ្រីម មួយគ្រឿង បោកផ្ទប់កង់បីឥណ្ឌាមួយគ្រឿង បណ្ដាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់និងស្រាល ហើយរថយន្តមិនទាន់អស់ល្បឿន បានបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមទៀត នៅមុខក្រុមហ៊ុនលក់រថយន្ត Mercedez ផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់បើកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម (Honda Dream) ពណ៌ខ្មៅ ស្លាកលេខបាក់បាត់រកមិនឃើញ បានធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើងក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចខាងលើ បានបន្ថយល្បឿនខណៈមានកង់បីឥណ្ឌាមួយគ្រឿង បម្រុងបើកឆ្លងផ្លូវពីកើតទៅលិច ស្រាប់តែមានរថយន្ត ស៊េរីទំនើបមួយគ្រឿងម៉ាក Mazda CX-5 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7243 បើកបរដោយនារីរូបស្រស់វ័យក្មេងម្នាក់ ក្នុងល្បឿនលឿនធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ស្របទិសគ្នាពីត្បូងទៅជើង ខ្វះការប្រុងប្រយ័ត្នជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង ធ្លាក់ម្ចាស់ម៉ូតូ អូសបោកនឹងថ្នល់រងរបួសធ្ងន់ ចំណែកឯម៉ូតូខ្ទាតបោកផ្ទប់ កង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HU-7016 បណ្ដាលឲ្យរងការខូចខាតទាំងពីរគ្រឿង ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បន្តទៅបុកផ្ទប់ជាប់បង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់បង្គោលភ្លើងអស់មួយដើម បើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្ដង។
ក្រោយពីកើតហេតុកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម សហការជាមួយផ្នែកចរាចរណ៍ខណ្ឌមានជ័យ ចុះជួយសម្រួលចរាចរណ៍ និងបានរាយការណ៍ ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្ករួមទាំង មធ្យោបាយខូចខាតពីរគ្រឿងទៀត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នា និងសងការខូចខាតបង្គោលភ្លើងបំភ្លឺផ្លូវ ដែលជាសម្បតិ្តសាធារណៈរបស់រដ្ឋនោះតាមច្បាប់ផងដែរ៕
មតិយោបល់