ព័ត៌មានជាតិ

ត្រឹមរយៈពេល១សប្តាហ៍នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ រកឃើញអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ចំនួន២,០៦៤ ករណី

បន្ទាយមានជ័យៈ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយបានឲ្យដឹងថា ក្នុងរយៈពេល១សប្តាហ៍នេះ ចាប់ពីថ្ងៃទី១៩​ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអនុវត្តទៅលើអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព រកឃើញអ្នកបើកបរម៉ូតូប្រព្រឹត្តបទល្មើសមិនពាក់មួកសុវត្ថិភាព ២,០៦៤ករណី។

ក្នុងនោះអ្នកបើកបរម៉ូតូ​មិនពាក់មួកសុវត្ថិភាព ២,៣៥១នាក់ និងអ្នករួមដំណើរមិនពាក់សុវត្ថិភាព ៦៤៦នាក់។ នគរបាលចរាចរណ៍ បានតម្រូវឲ្យអ្នកមិនពាក់មួកសុវត្ថិភាពទៅយកមួកមកពាក់ទើបអនុញ្ញាតឲ្យធ្វើដំណើរបន្ត។
បើយោងតាមទិន្នន័យ នៃអត្រាគ្រោះថ្នាក់ចរាចរណ៍របស់ការិយាល័យនគរបាលចរាចរណ៍ខេត្ត បានបញ្ជាក់ថា៖ ក្នុងខេត្តបន្ទាយមានជ័យ រយៈពេល៦ខែដើមឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១០១ករណី កើនឡើង២៣ករណី បើប្រៀបធៀបនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០១៨ មានតែ៧៨ករណីតែប៉ុណ្ណោះ។ គ្រោះថ្នាក់ចរារចរណ៍ទាំង១០១ករណីបាន បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៦៣នាក់ និងអ្នករងរបួសធ្ងន់ស្រាល ១០៥នាក់។

ការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍នេះ នគរបាលចរាចរណ៍ បានណែនាំដល់អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ត្រូវពាក់មួកសុវត្ថិភាព បើមិនមាន គឺត្រូវរកយកមកពាក់, ម៉ូតូ១គ្រឿងជិះបានតែមនុស្សធំ ២នាក់ និងកូនក្មេង១នាក់ ហើយក្មេងនោះចាប់ពីអាយុ៣ឆ្នាំឡើងទៅ ក៏តម្រូវឲ្យពាក់មួកសុវត្ថិភាព, ម៉ូតូត្រូវមានស្លាកលេខត្រឹមត្រូវ, មានកញ្ចក់សំរាប់មើលក្រោយ។ ចំពោះអ្នកបើកបរយានយន្តតូចធំ និងអ្នករួមដំណើរ គឺត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព, រថយន្តមិនត្រូវផ្ទុកទំនិញលើសចំណុះ ឬដឹកសំពីងសពោង នោះឡើយ ហើយការចុះប្រតិបត្តិការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ក្នុងរយៈពេល១ខែ សមត្ថកិច្ចមិនមានការផាកពិន័យនោះទេ ដោយគ្រាន់តែណែនាំ ក្រោយរយៈពេល១ខែនេះតទៅ គឺត្រូវធ្វើការផាកពិន័យទៅតាមច្បាប់។

ជាមួយគ្នានោះដែរ បងប្រុសឈ្មោះ សោម សូភី ប្រជាពលរដ្ឋ នៅភូមិកង្វ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ គាត់ក៏បានសំដែងនូវការសាទរផងដែរ ក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍នេះ បើទោះគាត់ អ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាព តែអ្នករួមដំណើរមិនបានពាក់ ត្រូវនគរបាលឃាត់ដើម្បីណែនាំតម្រូវឲ្យអ្នករួមដំណើរជាមួយគាត់ ឲ្យមានមួកសុវត្ថិភាព ជាមួយគ្នានោះដែរ គាត់ក៏បានអំពាវនាវដល់បងប្អូនដែលជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរគឺត្រូវមានមួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា ព្រោះនគរបាលចរាចរណ៍រឹតបន្តឹងច្បាប់ចរាចរណ៍ គឺដើម្បីការពារអាយុជីវិតរបស់បងប្អូនតែប៉ុណ្ណោះ ដូច្នេះសូមបងប្អូននាំគ្នាចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

មតិយោបល់