ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្ត២គ្រឿងបើកក្នុងល្បឿនយ៉ាងលឿនបញ្ច្រាស់គ្នាបុកពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង ២គ្រឿងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អក្នុងហេតុការណ៍នោះមិនមានមនុស្សណាម្នាក់រងរបួសឡើយ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុងមហាវិថីអូស៊ីអាយស៊ី ភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

រថយន្តម៉ាកRAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0458មានម្ចាស់ឈ្មោះ ឈុន សុខលី ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
រថយន្តម៉ាក ព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-7005មានម្ចាស់ឈ្មោះ សូវ ឆាយលាង ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តRAV4 បានបើកបញ្ច្រាសទិសដៅចរាចរណ៍ តាមបណ្ដោយផ្លូវបេតុងខាងលើ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកព្រុសមួយគ្រឿង បើកបរតាមផ្លូវបេតុងដូចគ្នាក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសគ្នា ជ្រុលទៅបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អនៅក្នុងហេតុការណ៍នោះ មិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅចរាចរណ៍ចរាចរខណ្ឌជ្រោយចង្វារង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់