ព័ត៌មានជាតិ

កាហ្វេ ទឹកដោះគោជូរ និងភេជ្ជៈមួយចំនួនទៀត ត្រូវមន្ត្រីជំនាញរកឃើញហួសកាលបរិច្ឆេទប្រើប្រាស់

កំពត-កែប: នៅថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពត-កែប ដោយមានការសហការចូលរួមពី មន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារពងទឹក ខេត្តកែប និងផ្សារកំពង់ត្រាច ខេត្តកំពត។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលនៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖
– ទឹកដោះគោជូរ ចំណុះ ២៥០ml ចំនួន ៥៥ដប
– ទឹកដោះគោជូរ ចំណុះ ១០០ml ចំនួន ១៤ដប
– កាហ្វេចំណុះ ១៨០ក្រាម ចំនួន ១១ដប
– ភេជ្ជ: ចំណុះ ២៥០ml ចំនួន៤កំប៉ុង
សរុបទំនិញដកហូតបានប្រហែលចំនួន ៨០ដប ស្មើនឹង ១៦.១៥០លីត្រ និង១៨០ក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់