ព័ត៌មានជាតិ

គ្រឿងក្នុងជ្រូកចម្រុះ ៥៦កេស ខូចគុណភាពត្រូវមន្ត្រីជំនាញ ដុតកម្ទេចចោល

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា រថយន្ត១គ្រឿងលួចដឹកគ្រឿងក្នុងជ្រូកចម្រុះមានចំនួន ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូក្រាម ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការជាមួយ មន្រ្តីគយ និងរដ្ឋាករនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ បានធ្វើការឃាត់បាននៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចស្នាក់ការគយទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីគយតំបន់៥ បានប្រាប់ឲ្យដឹងថា ៖ ក្រោយពីឃាត់រថយន្តនោះហើយបានឆែកក្នុងរថយន្តរកឃើញគ្រឿងក្នុងជ្រូក មានដូចជា សាច់ជ្រូក អណ្តាត ឆ្អឹងជំនីរជ្រូក និងគ្រឿងក្នុងជ្រូកចម្រុះមាន ចំនួន ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូក្រាម និង១កេសស្មើរ៦០គីឡូក្រាម បានធ្វើការដកហូតទុកនៅស្នាក់ការគយទឹកថ្លា ។

មន្ត្រីគយតំបន់៥ បានប្រាប់បន្តឲ្យដឹងទៀតថា ៖ បន្ទាប់ពីការត្រួតពិនិត្យជាក់ស្តែងរួចមក ឃើញថាផលិតផលចម្រុះខាងលើ មានការប្រែប្រួលសភាពដើមខូចគុណភាពមានក្លិនស្អុយ ទើបសមត្ថកិច្ចចម្រុះ សម្រេចធ្វើការដុតកម្ទេចចោលតាមវិធានបសុពេទ្យ នៅចំណុចដីវាល ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕

មតិយោបល់