កំពង់ឆ្នាំងៈ ហេតុការណ៍នេះកើតឡើងនៅ ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសំបុកគ្រាល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ដំណើររឿង៖ យោងតាមចម្លើយរបស់ជនសង្ស័យទាំង ២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបញ្ជាក់ឲ្យដឹងថា កាលពីល្ងាចម្សិលមិញ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មានការផឹកស៊ីមួយនៅចំណុចផ្ទះរបស់ឈ្មោះ( គ័ន) ។ ដំបូងឡើយការផឹកស៊ីនោះដំណើរការមានគ្នាតែគ្នា ៣នាក់ តែប៉ុណ្ណោះ ក្នុងនោះ មានឈ្មោះ រឿន ឈ្មោះ ថន និង ឈ្មោះ ( ខ្លី ) ដែលជាជនដៃដល់។ ក្រោយមកជនដៃដល់បានទៅហៅ និងដឹកជនរងគ្រោះឈ្មោះ អ៊ុន ឈី ភេទប្រុស អាយុ ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មកផឹកបន្ត ។ បន្ទាប់ពីផឹកអស់ស្រាកន្លះកេស ស្រាប់តែមានការឈ្លោះទាស់ទែងគ្នា រហូតដល់ការកាប់ចាក់ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ រត់ទៅឲ្យគេជួយតែអកុសលរបួសធ្ងន់ពេក បណ្ដាលឲ្យស្លាប់តែម្ដងទៅ (តែមិនដឹងពីមូលហេតុអ្វីឲ្យបានច្បាស់លាស់ ទើបឈានទៅដល់ការកាប់ចាក់សម្លាប់គ្នានោះទេ) បន្សល់ទុកកូន ៣នាក់ និងប្រពន្ធ។
ក្រោយពេលកើតហេតុ ប្រជាជនបានរាយណ៍ជូនសមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ទី១ឈ្មោះ រឿន ទី២ឈ្មោះ ថន យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី។ ចំណែកឯជនដៃដល់ឈ្មោះ ខ្លី ត្រូវបានរត់គេចខ្លួន (នេះបើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន)។
តែទោះជាយ៉ាងណា នេះគ្រាន់តែជាចម្លើយរបស់ជនសង្ស័យ ដែលបានឃាត់ខ្លួនតែប៉ុណ្ណោះ ព័ត៌មានលម្អិតយើង នឹងជម្រាបជូនតាមក្រោយបន្តទៀតបើមានអ្វីវិវត្តន៍ថ្មីបន្ថែម៕
មតិយោបល់