ភ្នំពេញៈ ទីបំផុតនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ លោក សំ សុខគង់ មេធាវីការសិទ្ធិឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានសម្រេចដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ប្រឆាំងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារ កំណត់រយៈពេល៥ខែ និងពិន័យជាប្រាក់ចំនួន៨០ម៉ឺនរៀល ក្រោមបទចោទប្រកាន់ បដិសេធក្នុងការចូលខ្លួនប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៦ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ។
លោកមេធាវី សំ សុគង់ បានថ្លែងថា មូលហេតុចម្បងនៃការដាក់ពាក្យបណ្តឹងឧទ្ធរណ៍នេះគឺដោយសារតែក្រុមមេធាវីការពារសិទ្ធិលោក កឹម សុខា យល់ឃើញថា ការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញមិនបានផ្តល់យុត្តិធម៌ដល់កូនក្តីរបស់ពួកគាត់។ លោកមេធាវីបានបញ្ជាក់ពីការដាក់ពាក្យប្តឹងឧទ្ធរណ៍នេះហាក់មានភាពយឺតយ៉ាវបន្តិចមែន ប៉ុន្តែវាមិនទាន់ផុតកាលកំណត់នៃច្បាប់នៅឡើយទេ។ ដោយការសារតែលោក កឹម សុខា មានមេធាវីការពារសិទ្ធិច្រើនដូច្នេះមេធាវីទាំងអស់ត្រូវពិភាក្សាគ្នាជាមុនសិន ទៅលើទិដ្ឋភាពច្បាប់ចំពោះខ្លឹមសារនៃពាក្យបណ្តឹង។
គួររំលឹកថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កាលពីកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅត្រូវបានលោក កែវ មុនី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ៥ខែ និងពិន័យជាប្រាក់ចំនួន៨០ម៉ឺនរៀល ក្រោមបទចោទប្រកាន់ បដិសេធក្នុងការចូលខ្លួន តាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ៕



មតិយោបល់