បាត់ដំបងៈ ជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចមិនរើសមុខ ត្រូវបានកំលាំង នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួនបានកាលពីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
តាមការពិនិត្យរបស់សមត្ថកិច្ចទៅលើកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅខាងក្នុងបរិវេណសមាគម គឺជនសង្ស័យមានតែម្នាក់គត់ ដោយគេបានផ្លោះរបងចូលទៅក្នុងបរិវេណសមាគមជប៉ុន ប៉ុន្តែនៅពេលមកដល់ខាងមុខ ដោយគេបានដឹងថា មានកាមេរ៉ាសុវត្ថិភាព ទើបជននេះ បានដើរទៅផ្តាច់ខ្សែលែង មើលឃើញតែម្តង ដោយគេបានធ្វើសកម្មភាពគាស់បង្អួច ដើម្បីចូលទៅលួចយករបស់របរនៅក្នុងផ្ទះ ។ នៅក្នុងយប់ថ្ងៃកើតហេតុនោះអ្នកដែលសម្រាកនៅខាងក្នុងសមាគមគឺមាន លោក ភឹង វិសាល ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានមុខងារជាប្រធានសមាគម កប្បាសកម្ពុជា និងលោក អាតសូស៊ី ហ្វូរ៉ូហ្សាវ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ មានមុខងារជាម្ចាស់ជំនួយលើអង្គការនេះ ។
ក្រោយពេលត្រួតពិនិត្យ គឺរបស់របរដែលបាត់បង់ រួមមាន អាយផេតចំនួន២គ្រឿង ទូរស័ព្ទដៃម៉ាកអាយហ្វូន ចំនួន១គ្រឿង ឡេបថប ចំនួន១គ្រឿង កាមេរ៉ាម៉ាកកាណុង ចំនួន១គ្រឿង លុយដុល្លារចំនួន១០០០ ដុល្លារ, លុយដុល្លារ តៃវ៉ាន់ ចំនួន៥០០ ដុល្លារ និង ប្រាក់ថៃ ចំនួន២៤០០០ បាត ព្រមទាំងប្រាក់ដុង វៀតណាមជាច្រើនថែមទៀត ។
សមត្ថកិច្ច ក្រុង បានបញ្ជាក់ថា មួយរយៈនេះ កំលាំងបានព្យាយាម តាមស្រាវជ្រាវរកមុខសញ្ញាដែលបានឃើញរូបភាពនៅក្នុងកាមេរ៉ា ទាំងលំបាក រហូតដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ កំលាំងបានប្រទះឃើញជនសង្ស័យ ក៏បានឃាត់នាំខ្លួនយកមកសាកសួរ ដោយនៅក្នុងខ្លួនជនសង្ស័យកំលាំងសមត្ថកិច្ច បានធ្វើការដកហូតនូវសម្ភារៈដែលពាក់ព័ន្ធមួយចំនួនដូចជា អាយផេត ពណ៌ ខ្មៅ១គ្រឿង អាយហ្វូនសិច ពណ៌ខ្មៅ១គ្រឿង ឧបករណ៍សម្រាប់ថ្ពក់ទូរស័ព្ទមួយ និងប្រាក់វៀតណាមចំនួន៣លាន ៣០ម៉ឺនដុង ដែលនៅកម្ពុជា មិនអាចចាយបាន ដោយឡែកប្រាក់ផ្សេងទៀត ត្រូវបានជនរូបនេះ ចាយវាយអស់ហើយ។
សមត្ថកិច្ច បានបន្ដទៀតថា ជនសង្ស័យមានឈ្មោះ សំ ស៊ីណាត ហៅពេក ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ដោយគេបានសារភាពថា រូបគេពិតជាបានចូលធ្វើសកម្មភាពលួចនៅក្នុងសមាគម កប្បាសកម្ពុជា មែន ហើយលុយកាក់ និងសម្ភារៈមួយចំនួនធំ គឺគេបានលក់ចាយអស់ហើយ។ បច្ចុប្បន្ន កំលាំងជំនាញក្រុងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាងទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តហើយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕

មតិយោបល់