ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ចំពោះមីកំប៉ុង ទឹកផ្លែឈើ ផ្សិតកំប៉ុង និងម្សៅស៊ុប …

ឧត្ដរមានជ័យ: នៅថ្ងៃ០១ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ ដោយមានការសហការចូលរួមពីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមបណ្តាស្តង់លក់ ក្នុងភូមិករ ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផលនៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន៖
– ទឹកក្រូចដបធំ ចំណុះ ១.៥លីត្រ ចំនួន ២៩ដប និងដបតូច ចំណុះ ៣៣០មីលីលិត្រ ចំនួន ២៩ដប
– ទឹកផ្លែឈើ ចំនួន ២២ដប
– ផ្សិតកំប៉ុង ចំនួន ១៨កំប៉ុង
– មីកំប៉ុង ចំនួន ១៤១កំប៉ុង
– ម៉្សៅស៊ុប ចំនួន ១៦០កញ្ចប់តូច

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់