ព័ត៌មានជាតិ

ប្រើសារធាតុញៀនហួសកម្រិត បុរសជនជាតិម៉ាឡេស៊ីម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួលរបស់នារីសង្សារជនជាតិវៀតណាម

ភ្នំពេញៈ បុរសជនជាតិម៉ាឡេស៊ីម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលជាន់ផ្ទាល់ដី របស់ស្រីស្នេហ៍ជាជនជាតិវៀតណាម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង ២០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ផ្ទាល់ដីផ្ទះជួលលេខ១២ ផ្លូវលេខ៣០០ស្ទួន ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

ជនរងគ្រោះមានឈ្មោះ TEECHENPANG អាយុ២៩ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរជាភ្ញៀវទេសចរ កាន់លិខិតឆ្លងដែនលេខ A60080655 ចំណែកឯនារីជាសង្សារឈ្មោះ ង.ប.វ អាយុ២៨ឆ្នាំ មុខរបរជាភ្ញៀវទេសចរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុ នៅវេលាយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះ បានមកដេកនៅផ្ទះជួលរបស់សង្សារខ្លួន លុះព្រឹកឡើងដោយសង្សារឃើញជនរងគ្រោះ ដេកមិនទាន់ភ្ញាក់ រួចយកដៃទៅអង្រួនដាស់តែមិនភ្ញាក់ ពេលស្ទាបខ្លួនមើលទៅមានសភាពរឹងកំព្រឹស ទើបដឹងថាបុរសជាសង្សារបានស្លាប់ទៅហើយ។

បន្ទាប់ពីទទួលបានដំណឹង សមត្ថកិច្ចមូលដ្ឋាន និងជំនាញកោសល្យវិច័យ បានចុះមកដល់ទីតាំងកើតហេតុ ត្រួតពិនិត្យឃើញថា ជនរងគ្រោះ បានប្រើប្រាស់ថ្នាំញៀនច្រើនហួសកម្រិតពេក ទើបបណ្តាលឲ្យគាំងបេះដូងស្លាប់តែម្ដង។

បច្ចុប្បន្ន សពត្រូវបានយកទៅតម្កល់ទុក នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅកាន់ប្រទេសកំណើតវិញ៕

មតិយោបល់