កែបៈ ដោយអនុវត្តន៍តាមផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ល្ងាចថ្ងៃទី០១ សីហា ឆ្នាំ២០១៩ ការិយាល័យប្រឆាំងគ្រឿងញៀននគរបាលខេត្ត សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស និងនគរបាលក្រុងកែប និងតាមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប ដោយមានការសម្របសម្រួលពីលោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពត បានស្ទាក់ចាប់ការចរាចរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ ២លើក នៅចំណុចខាងកើតរង្វង់មូលសេះស ក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ដោយដកហូតជាក់ស្តែងបានថ្នាំញៀន១កញ្ចប់ធំ ទូរសព្ទ១គ្រឿង និងម៉ូតូ១គ្រឿង ដែលសាម៉ីជន ទទួលស្គាល់ថាជាម៉ាទឹកកក។
បន្ទាប់ពីការស្ទាក់ចាប់បានមុខសញ្ញាខាងលើ សមត្ថកិច្ច បានបន្តនីតិវិធី ទៅចាប់មុខសញ្ញាម្នាក់ទៀត នៅចំណុចទល់មុខហាងខារ៉ាអូខេ (ដារីកា) ក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ដោយដកហូតបានបន្ថែមថ្នាំញៀន ១កញ្ចប់ធំនិងទូរសព្ទ ១គ្រឿងទៀត។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ អេង ភា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិអូក្រសារ សង្កាត់អូរក្រសារ ក្រុងកែប។
២- ឈ្មោះ កែវ ប៊ន ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ។
ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី និងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការបន្ត៕
មតិយោបល់