ភ្នំពេញៈ រដ្ឋបាលសាលារាជធានីភ្នំពេញបានសម្រេចប្រគល់កិច្ចសន្យាវិនិយោគថែទាំ ស្តារ និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបំភ្លឺសាធារណៈទាំងអស់នៅរាជធានីភ្នំពេញទៅឲ្យក្រុមហ៊ុនឯកជនជាអ្នក ថែទាំ និងគ្រប់គ្រងវិញ។
លិខិតប្រគល់ និងទទួលកិច្ចសន្យានេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ កក្កដា ដែលចុះហត្ថលេខាដោយលោក មាន ចាន់យ៉ាដា នាយករដ្ឋបាលរាជធានីភ្នំពេញ និងលោក សុខ ឆេង អគ្គនាយកក្រុមហ៊ុនភ្នំពេញអភិវឌ្ឍន៍វិស្វកម្ម និងសំណង់ (PPDE&C) នៅសាលារាជធានីភ្នំពេញ។
នៅក្នុងកិច្ចសន្យាបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រចប្រគល់ការគ្រប់គ្រងប្រព័ន្ធភ្លើងបំភ្លឺសាធារណៈនៅក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញរួមមានប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ, ប្រព័ន្ធភ្លើងស្តុបចរាចរណ៍, ប្រព័ន្ធភ្លើងកាមេរ៉ាសុវត្ថិភាព, ប្រព័ន្ធភ្លើងបំភ្លឺប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម, ប្រព័ន្ធភ្លើងតាំងលម្អពិធីបុណ្យជាតិ និងអន្តរជាតិ ព្រមទាំងកាតព្វកិច្ចនៃការថែទាំប្រព័ន្ធភ្លើងបំភ្លឺទាំងនោះ និងរួមទាំងឧបសម្ព័ន្ធនៃកិច្ចសន្យាទៅឲ្យក្រុមហ៊ុន PPDE&C Co.Ltdដើម្បីធ្វើការគ្រប់គ្រងថែទាំ ស្តារ និងអភិវឌ្ឍន៍ទៅតាមផែនការមេនៃគម្រោងបំភ្លឺសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃចុះហត្ថលេខាលើកិច្ចសន្យាតទៅដែលមានសុពលភាពរយះពេល២០ឆ្នាំគឺចាប់ពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៦ដល់ថ្ងៃទី២៦ ឧសភា ឆ្នាំ២០៣៦។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ដែលអញ្ជើញជា អធិបតីនាឱកាសនោះបានថ្លែងថា នេះជាបញ្ហាធំមួយ និងជាបញ្ហាដែលតែងទទួលរងនូវការរិះគន់ជាច្រើនពីមហាជន ព្រោះនេះជាសេវា១ ដែលប្រជាពលរដ្ឋត្រូវការ និងទាមទារឲ្យមានការបំភ្លឺតាមដងផ្លូវដែលជះឥទ្ធិពលទៅលើសន្តិសុខ សណ្តាប់សាធារណៈផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ ត្រូវការផ្ទេរទៅឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងដើម្បីអភិវឌ្ឍន៍ និងមានការគ្រប់គ្រងមួយដែលច្បាស់លាស់។ កាត់បន្ថយការចំណុចអសកម្មដូចជា បាត់ភ្លើង, បាត់សម្ភារៈអគ្គិសនី, ការកែលម្អហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ដែលខ្សែភ្លើងខ្លះមានអាយុជាង ៣០ឆ្នាំហើយ និងផ្លាស់ប្តូរពីការចំណាយប្រាក់មកជាការចំណេញប្រាក់ និងមានការងាយស្រូលសម្រាប់ការគ្រប់គ្រង,ចំណាយតិច។
លោកអភិបាលមានប្រសាសន៍ទៀតថា ការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីការអភិវឌ្ឍន៍ការបំភ្លឺសាធារណៈក្នុងក្រុងវាគ្មានអ្វីចំ ឡែកទេ ដើម្បីទទួលខុសត្រូវ គ្រប់គ្រង ថែរក្សាភ្លើងបំភ្លឺសាធារណៈដែលមានជាង១២០០០ អំពូលក្នុងក្រុង រួមទាំងបង្គោលភ្លើង,ខ្សែភ្លើង,ទូរបញ្ជានៅទូទាំងរាជធានីភ្នំពេញ៕
មតិយោបល់