កំពង់ធំៈ កាលពីវេលាម៉ោង៤និង៤០នាទី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ មានករណីហិង្សាដោយចេតនាដោយប្អូនថ្លៃយកកាំបិតប៉័ងតោកាប់បងថ្លៃរបស់ខ្លួនបណ្ដាលឲ្យរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ។
ជនសង្ស័យឈ្មោះ សេង រម្យណី ភេទប្រុស អាយុ ៤៧ឆ្នាំជនជាតិខ្មែរ រស់នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានយកកាំបិតប័ុងតោ កាប់ទៅលើជនរងគ្រោះឈ្មោះ ស វុត ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ត្រូវជាបងថ្លៃ ចំនួនមួយកាំបិតចំថ្ងាស របួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកត្រពាំងស្វាយ(បារាយណ៏- សន្ទុក) ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុដោយភាគីទាំងសងខាងបាន ផឹកស្រាជុំគ្នារហូតដល់ស្រវឹងរៀងខ្លួនក៏ក្លាយជាទំនាស់ពាក្យសម្តីគ្នាឈានដល់ប្រើអំពើហិង្សាបែបនេះ រួចជនបង្កដែលត្រូវជាប្អូនថ្លៃ បានរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនបានភ្លាមៗ។
ក្រោយកើតហេតុជនបង្កត្រូវកំលាំងជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់