ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនៅឡើយ សម្រាប់ប្រជាពលរដ្ឋ និងសង្គមកម្ពុជា ជាពិសេសអ្នកស្លាប់ និងរបួសក្នុងចំណោមអ្នកជិះម៉ូតូនៅមានតួលេខខ្ពស់ខ្លាំងនៅឡើយ ជាពិសេសជនរងគ្រោះភាគច្រើនលើសលុប(៨០ភាគរយ) គឺមិនបានពាក់មួកសុវត្ថិភាព។ នេះបើតាមការបញ្ជាក់របស់លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា។
ក្នុងសិក្ខាសាលាពិនិត្យឡើងវិញ លើការគាំទ្រ និងការបន្តពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានក្នុងការជំរុញការពាក់មួកសុវត្ថិភាពកាលពីព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៦ នៅភោជនីយដ្ឋានទន្លេបាសាក់២ លោកគឹម បញ្ញា បានមានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក៏មុតមាំ និងការយកចិត្តទុកដាក់ខ្ពស់ការបំពេញាការងារជាដៃគូ និងបន្តគាំទ្រដល់ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអ្នកសារព័ត៌មានក្នុងសកម្មភាពលើកកម្ពស់សុវត្ថិភាពរាចរណ៍ជាពិសេសលើការជំរុញកំណើនការពាក់មួកសុវត្ថិភាពទាំងក្នុងចំណោមអ្នកបើកបរម៉ូតូ អ្នករួមដំណើរជាមួយព្រមទាំងកុមារ។
សូមចងចាំថា មួកសុវត្ថិភាព គឺជាវត្ថុសាមញ្ញមានតម្លៃសមរម្យ ប៉ុន្តែវាមានប្រសិទ្ធភាពខ្ពស់អាចការពាររងរបួសក្បាលធ្ងន់ធ្ងរ ឬខួរក្បាលពីគ្រោះថ្នាក់ចរាចរណ៍។ ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ និងមានគុណភាពពិតជាបានជួយកាត់បន្ថយហានិភ័យនៃការរងរបួសក្បាលធ្ងន់ធ្ងរ បានរហូតដល់ប្រមាណ៦៩ភាគរយ និងការស្លាប់បានប្រមាណជា៤២ភាគរយ។
លោកគឹម បញ្ញា បានបន្ថែមថា ជាមួយគ្នានេះ ការមិនពិន័យទៅលើករណីកុមារ មិនពាក់មួកសុវត្ថិភាព គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យអត្រាពាក់មួកសុវត្ថិភាព ក្នុងចំណោមពួគេ មានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើឲ្យពួកគេនៅបន្តប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
លោកឧត្តមសេនីយ៍ទោ ទី ឡុង តំណាងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គនាយកដ្ឋាននគរបាលជាតិ បានថ្លែងថា គ្រោះថ្នាក់ចរាចរក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦ មានចំនួន១.៩០០ លើក ថយចុះ២៧១លើក ស្នើនឹង១២,៤ភាគរយ បណ្តាលឲ្យរងគ្រោះចំនួន ៤.២២៨នាក់ ស្លាប់ចំនួន៩១៩នាក់ របួសធ្ងន់ចំនួន១.៩៦០នាក់ របួសស្រាលចំនួន១.៣៤៩នាក់។
ក្នុងចំណោមគ្រោះថ្នាក់ចរាចរ១.៩០០លើកនោះ គឺមានគ្រោះថ្នាក់ដោយម៉ូតូ មានអ្នករងរបួសចំនួន ១.៦១២ នាក់ ស្លាប់ចំនួន៦៥៩នាក់(អ្នករួមដំណើរ១៩៤នាក់) ក្នុងចំណោមនោះ អ្នកពាក់មួកសុវត្ថិភាពចំនួន ១២៧ នាក់ និងមិនពាក់មួកសុវត្ថិភាពចំនួន៥៣២នាក់។
លោកទី ឡុង បានបន្តថា “ដើម្បីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ តម្លាភាព និងស្នើភាពគ្នាមន្រ្តីនគរបាលត្រូវចុះផ្សព្វផ្សាយតាមភូមិសាស្រ្តរបស់ខ្លួនដែលទទួលខុសត្រូវនិងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើធ្វើដំណើរតាមផ្លូវត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នានៅគ្រប់ពេលធ្វើដំណើរ”៕
មតិយោបល់