ព័ត៌មានជាតិ

ជិះម៉ូតូ ពាក់ស្លាកលេខ កណ្ដាល 1F-4444 កាត់គោលដៅសមត្ថកិច្ច ជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ភ្នំពេញៈ នៅវេលាម៉ោង ៧ និង០០នាទីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយលោក ប៊ុន ណារុំ អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សាត ប្រសើរ អធិការរងនគរបាលខណ្ឌដង្កោ និងលោកវរសេនីយិ៍ត្រី ជា ផល្លា មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌដង្កោ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ចំណុចខាងមុខសាលាខណ្ឌដង្កោ ផ្លូវ២១៧ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លុះដល់វេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យម្នាក់ឈ្មោះ ហួរ សុភ័ត្ដ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ០៤ ស្ថិតនៅភូមិព្រៃកុដ្ឋ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា អ៊ិចអ៊ែរ ពណ៌ស ពាក់ស្លាកលេខកណ្តាល 1F-4444 មានលេខតួ1000885 និងលេខម៉ាស៊ីន 2000890 ទិសដៅពីជើងទៅត្បូង ឆ្លងកាត់គោលដៅខាងលើ។

ដោយមានការសង្ស័យសមត្ថកិច្ច បានហៅអោយឈប់ម៉ូតូ ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាម ពណ៌សថ្លាចំនួន ០៣កញ្ចប់ នៅក្នុងកអាវចំនួន០១កញ្ចប់ថង់ធំល្មម និងចំនួន០២កញ្ចប់ថង់ធំល្មមទៀត នៅក្បែរកុងទ័រម៉ូតូ ទើបសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់តាមនីតិវិធីច្បាប់តែម្ដង៕

មតិយោបល់