សៀមរាបៈ កម្លាំងនគរបាលអន្តប្រវេសន៍ ឃាត់ខ្លួនបុរសជនជាតិទួរគីម្នាក់ ដែលមកបំរើការងារក្នុងក្រុងសៀមរាប គ្មានច្បាប់ទម្លាប់ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ នាយការិយាល័យ បានឲ្យដឹងថា ក្នុងកិច្ចការចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងខាងលើនេះ កម្លាំងសមត្ថកិច្ចនគរបាលបានរកឃើញជនបរទេសម្នាក់ឈ្មោះ SAVANSER BORA ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិទួរគី កាន់លិខិតឆ្លងដែនលេខ U07987760 ដែលបានចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ រហូតដល់ពេលបច្ចុប្បន្ន ក្រោយពីបានធ្វើការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចនគរបាលយើងបាននាំខ្លួនមកធ្វើការសាកសួរនៅការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្ត។
លោកនាយការិយាល័យ បានបន្តថា យោងតាមចម្លើយសារភាពរបស់ជនបរទេសខាងលើបានប្រាប់សមត្ថកិច្ចថា រូបគាត់ បានចូលមកប្រទេសកម្ពុជាតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត មកដល់ក្រុងសៀមរាប ហើយបានធ្វើជាអ្នកគ្រប់គ្រងផ្ទះសំណាក់ឈ្មោះ VOODO ដែលមានទីតាំងស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានចំនួន០៣ខែ បន្ទាប់មកធ្វើការនៅភោជនីយដ្ឋាន TUK TUK BAR ដែលមានទីតាំងតាមផ្លូវសុខសាន្តក្នុងភូមិសាស្ត្រដដែល។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ បញ្ជូនខ្លួនទៅកាន់មណ្ឌលត្រៀមបណ្ដេញចេញប្រចាំព្រលានយន្តហោះអន្តរជាតិសៀមរាប របស់នាយកដ្ឋានស៊ើបអង្កេតនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃអនុវត្តទៅតាមនីតិវិធីច្បាប់ ជាបន្ត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦៕
មតិយោបល់