ឥណ្ឌាៈ មន្រ្តីបាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារការទទួលទានស្រាក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌាបានឈានដល់៣១នាក់ និង ៥០នាក់ នាក់ទៀតជំងឺកំពុងតែសម្រាកព្យាបាល នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៩ ខែកក្កដានេះ។
ស្រាដែលធ្វើនៅក្នុងប្រទេសត្រូវបានប្រជាជនប្រើប្រាស់ច្រើនកាលពីល្ងាចថ្ងៃសុក្រនៅ ស្រុក Etah ប្រហែល ២៨៧គីឡូម៉ែត្រពីទីក្រុង Lucknow រដ្ឋធានីនៃរដ្ឋ Uttar Pradesh ។
មន្ត្រីមួយរូបបានថ្លែងថា: “សោកនាដកម្មដោយសារស្រានៅក្នុងតំបន់ Etah រហូតមកដល់ពេលនេះបានអះអាងថាបានឆកយកជីវិតមនុស្ស៣១នាក់”។ ក្នុងចំណោមអ្នកស្លាប់ ២៧រស់នៅក្នុងតំបន់ Etah និង បួននាក់ទៀតបានស្លាប់នៅក្នុង តំបន់Farrukhabad ក្នុងហេតុការណ៍ដូចគ្នានេះដែរ។
យោងតាមមន្ត្រី បានឲ្យដឹងថាមនុស្ស ៥០នាក់ កំពុងបានទទួលការព្យាបាលនៅមន្ទីរពេទ្យផ្សេងគ្នានៅក្នុងស្រុក Etah,Etawah, Agra និង Farrukhabad ។
អាជ្ញាធរភ័យខ្លាចថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងយ៉ាងហោចណាស់មនុស្ស១០នាក់ទៀតដែលគេបញ្ជូនទៅមន្ទីរពេទ្យ និងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
របាយការណ៍បាននិយាយថា មនុស្សជាច្រើនដែលបានផឹកស្រាធ្ងើឲ្យងងឹតភ្នែកមួយជំហ៊ាង ខ្លះទៀតងងឹតភ្នែកទាំងស្រុង។
នាយករដ្ឋមន្ត្រីរបស់រដ្ឋនេះលោក Akhilesh Yadav បានប្រកាសពីការផ្អាក មន្ត្រីប៉ូលិស និងមន្រ្តីរដ្ឋាករជាច្រើននាក់ក្នុងស្រុកនេះ បន្ទាប់ពីឧប្បត្តិហេតុនេះ។
មន្រ្តីនគរបាលបានចាប់ខ្លួនជនជាប់ចោទ និងអ្នកផ្សេងទៀតនៅក្នុងករណីនេះ។ ទន្ទឹមនឹងនេះដែររដ្ឋាភិបាលក្នុងតំបន់បានផ្តួចផ្តើមប្រឆាំងនឹងការប្រើប្រាស់ស្រាខុសច្បាប់នៅទូទាំងរដ្ឋ Uttar Pradesh និងរឹបអូសស្រាមួយចំនូនធំ ។
នៅក្នុងរដ្ ឋBihar និង រដ្ឋ Gujarat, ការសេពគ្រឿងស្រវឹងត្រូវបានហាមឃាត់ទាំងស្រុងដោយច្បាប់។
ការស្លាប់ដោយសារការសេពគ្រឿងស្រវឹងជាញឹកញាប់ត្រូវបានរាយការណ៍ក្នុងប្រទេសឥណ្ឌាបណ្តាលមកពីមូលហេតុផឹកស្រាដែលមានតំលៃថោកបានធ្វើនៅក្នុងប្រទេស៕
មតិយោបល់