ព័ត៌មានជាតិ

ឃើញនៅក្នុងហោប៉ៅទំនង ឆក់បានសម្រេច តែរត់មិនរួចជាប់ខ្នោះទាំង២នាក់

ភ្នំពេញ: ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខក្របួចចាប់បានក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ដែលកំពុងសៀតនៅហោប៉ាវក្រោយដូចប្រហែសហើយទំនង យកបានសម្រេច ព្យាមយាមជិះរត់គេច ជនរងគ្រោះស្រែកផងយំផង កាលពីវេលាម៉ោង២និង៣០នាទី លើផ្លូវហាណូយ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមរហូតចូលដល់ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យទាំង២នាក់ចាប់ខ្លួនបាន ទី១ ឈ្មោះ សីហា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាអ្នកបើកបរម៉ូតូ ស៊ូរ៉ុស មធ្យោបាយធ្វើសកម្មភាព ។ ទី២ឈ្មោះ ខុន ភឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាអ្នកឆក់ ។ ទាំង២នាក់មានទីលំនៅ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ ចំណែកជនរងគ្រោះឈ្មោះ សាក់ ចាន់ណា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលជិះម៉ូតូទៅរកទិញទឹកកក ពីជើងទៅត្បូង ដល់ចំណុចភូមិត្រពាំងស្វាយ ស្រាប់តែជនសង្ស័យ ជិះម៉ូតូ មកដល់ឆក់យកទូរស័ព្ទ ម៉ាកOPPO ពីហោប៉ៅខោក្រោយ ហើយជិះរត់គេច ស្រែកឆោឡោ ស្របពេលដែលកន្លែងល្បាត របស់ខណ្ឌសែនសុខ មកដល់ឃើញដេញតាមរហូត ចូលដីសង្កាត់ទួលសង្កែ ទើបចាប់ខ្លួនបាន ទាំង២នាក់ ។

តាមសម្តីជនសង្ស័យ ឈ្មោះ ខុន ភឿន ជាអ្នកឆក់ផ្ទាល់ បានឲ្យដឹងថា ក្រោយពីក្រឡេកឃើញជនរងគ្រោះ ប្រហែសពេក សៀតទូរស័ព្ទនៅហោប៉ៅខោខាងក្រោយ នឹកថា ស៊ីផុយ ស្រាប់តែឆក់ផ្លាប់ ប៉ូលិសដេញភ្លែត ចាប់ខ្លួនបានតែម្តង ។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យ នាំទៅសាកសួរនៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ចំណែកទូរស័ព្ទ សមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ ៕

 

មតិយោបល់