ព័ត៌មានជាតិ

ផឹកស៊ីស្រវឹង មកដល់ផ្ទះវាយប្រពន្ធចំក្ដោងច្រមុះ២ដៃ បណ្ដាលឲ្យថប់ដង្ហើមស្លាប់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ ចេញពីផឹកមកដល់ផ្ទះរករឿងក្នុងគ្រួសារ ឈានដល់ការបង្កហិង្សា វាយប្រពន្ធរហូតដល់ស្លាប់ កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៨ ផ្លូវ លេខ៤៨k ក្រុមទី១ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនបង្កជាប្ដីមានឈ្មោះ ផង់ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកអីវ៉ាន់ និងឆ្លៀតរត់ម៉ូតូឌុប មានទីលំនៅបច្ចុប្បន្នត្រង់ចំណុចកើតហេតុ (ឃាត់ខ្លួន)។ រីឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ នុយ វណ្ណារី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ កន្លែងកើតហេតុខាងលើ មានស្រុកកំណើត ខេត្តតាកែវ (ស្លាប់)។ អ្នកទាំង២ បានយកគ្នាជាប្ដីប្រពន្ធ មិនបានរៀបការ និងរស់នៅជាមួយគ្នាអស់រយៈពេល១ឆ្នាំ គ្មានកូននោះទេ ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាប្ដី បានសារភាពថា ជារៀងរាល់ថ្ងៃរូបគេ រស់នៅជាមួយប្រពន្ធ មិនសូវចុះសម្រុងនិងគ្នានោះទេ ដោយរូបគេតែងប្រចណ្ឌប្រពន្ធ រីឯប្រពន្ធក៏ប្រចណ្ឌប្ដី ទើបឈ្លោះគ្នា ឈានដល់ប្រើហិង្សាផងដែរ ។

លុះនៅថ្ងៃកើតហេតុ រូបគេបានមកពីផឹកស៊ីជាមួយមិត្តភក្តិ ដោយស្រវឹងស្រាផង និងមានគំនិតគិតពីប្រពន្ធមិនល្អផង ក៏កើតជាហិង្សាវាយប្រពន្ធចំនួន២ដៃ ចំក្ដោងច្រមុះ បណ្ដាលឲ្យប្រពន្ធថប់ដង្ហើម រហូតដល់ស្លាប់តែម្ដង ។

ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋដែលរស់នៅជិតខាង ឃើញហេតុការណ៍នេះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានឲ្យចុះមកឃាត់ខ្លួនឃាតកជាប្ដី យកទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល កាកាបទី២ ដើម្បីសួរនាំ និងកសាងសុំណុំរឿង បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធី ។

ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកយកទៅតម្កល់ទុកនៅវត្តតាងកសាង ខាងត្បូង រង់ចាំសាច់ញាតិ មកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់