ភ្នំពេញៈ នៅវេលាម៉ោង ៣ និង២០នាទីទៀបភ្លឺ ឆ្លងចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ លើផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីក្មេងស្ទាវ១ក្រុម ផឹកស៊ីក្នុងក្លឹបកម្សាន្ត «ប៊្លូទ្បាញ» សង្ស័យស្រវឹងស្រារៀងៗខ្លួន ចេញមកក្រៅបានឌឺដងដាក់គ្នា ឈានដល់ការប្រើអំពើហិង្សា វាយតបគ្នាផ្អើលពេញផ្លូវ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះអន្តរាគមន៍ទីតាំងខាងលើ ដោយមិនរំខានដល់លោកមេប៉ុស្តិ៍ទំពុនទី១នោះទេ។
សូមបញ្ចាក់៖ ប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងទំពុនទី១ បានសំណូមពរតាមរយៈសារព័ត៌មាន Post News ឲ្យជួយផ្សព្វផ្សាយរឿងខាងលើនេះផង ព្រោះក្លឹបកម្សាន្តនេះភាគច្រើន បង្កបញ្ហាជាញឹកញយ ពេលភ្ញៀវចេញពីផឹកស៊ីម្ដងៗ បានស្រែកទ្បូទ្បា ផ្អើលគេផ្អើលឯង ជាពិសេសប៉ះពាល់ ដល់ដំណេកពលរដ្ឋថែមទៀតផង។
ករណីនេះ ពលរដ្ឋបានលួចខ្សឹបប្រាប់ភ្នាក់ងារថា មិនដែលឃើញលោកមេប៉ុស្តិ៍បឹងទំពុនទី១ ដាក់មន្ត្រីក្រោមឱវាទ ឲ្យល្បាតតាមគោលដៅផ្លូវ ២៧១នោះទេ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភក្នុងមូលដ្ឋាន ពីបញ្ហាសុវត្ថិភាព សង្ស័យលោកមេប៉ុស្តិ៍បឹងទំពុនទី១ រវល់ការងារខាងក្រៅច្រើនពេក បានជាមិនគិតគូរពីដែនសមត្ថកិច្ច របស់ខ្លួនទាល់តែសោះ៕
មតិយោបល់