ព័ត៌មានជាតិ

Update៖ បុរសពោះម៉ាយម្នាក់ ដើរទន់ជង្គង់ដួល បណ្តាលឲ្យដាច់ខ្យល់ស្លាប់ផ្កាប់មុខ

ភ្នំពេញៈ នៅវេលាម៉ោង០១រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ មានករណីបុរសពោះម៉ាយម្នាក់ មានវ័យ៤០ឆ្នាំ សង្ស័យខ្យល់គ ដើរមកពីហូបស្រាវិញ អស់កម្លាំងអង្គុយក្រាបស្លាប់ផ្កាប់មុខ បង្កការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចផ្លូវបេតុង ក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ គោ អាយុប្រមាណជាង៤០ឆ្នាំ ស្នាក់នៅភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា បុរសខាងលើបានលែងលះគ្នាជាមួយប្រពន្ធ អស់ជាច្រើនខែមកហើយ មិនដឹងជាមានបញ្ហាអ្វីនោះទេ គេតែងឃើញបុរសនោះ ដើរចេញពីផ្ទះរបស់ខ្លួន ក្នុងភូមិ២១ សង្កាត់ស្រះចក ដើម្បីទៅផឹកស្រាបាត់ៗ ជួលកាលផឹកស្រាមិនហូបបាយទៀតផង ។

ប្រភពដដែលបន្តថា លុះដល់ថ្ងៃកើតហេតុ នៅវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹក មុនពេលកើតហេតុគេឃើញបុរសរូបនោះ ដើរតាមផ្លូវលំត្រង់ចំណុចកើតហេតុ ពីត្បូងទៅជើងសំដៅទៅផ្ទះគាត់ ក្នុងភូមិ២១ តែដើរមិនទាន់ដល់ផងក៏ទន់ជង្គង់អង្គុយ និងក្រាបនៅកន្លែងកើតហេតុ ក្រោយមករហូតដល់ម៉ោងកើតហេតុ ប្រជាពលរដ្ឋនៅម្តុំនោះមានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីគាត់អង្គុយក្រាបផ្កាប់មុខយូរម៉្លេះ ស្រាប់តែទៅមើលទើបដឹងថា បុរសខាងលើបានដាច់ខ្យល់ស្លាប់បាត់ហើយ ។

ក្រោយពីកើតហេតុ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន រួចសមត្ថកិច្ចមូលដ្ឋានទាក់ទងគ្រូពេទ្យ និងរាយការណ៍ប្រាប់ជំនាញចុះពិនិត្យ ។

ប្រសិនបើពិនិត្យទៅឃើញថា ខ្យល់គស្លាប់ធម្មតា និងប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់